Sunday, January 4, 2015

ក្រុងកែបទេសភាពសមុទ្រខ្មែរ បទពាក្យ៧ ៣០ ១២ ២០១៤


១ ក្រុងកែបក្រុងទេពនិមិត្តស្រស់ ខ្នងភ្នំព្រៃប្រស់រំលេចពណ៌
បៃតងខៀវខ្ចីឆ្នៃសែនល្អ ជាខឿនទេសចរណ៍ពីធម្មជាតិ ។
២ ក្រុងកែបឆើតឆាយនាយជាយដែន សមុទ្រភូមិផែនកោះព្រោងព្រាត
ខ្នងភ្នំព្រៃធំកៀកមិនឃ្លាត ឡើងចុះខ្ពស់ទាបគួរបេតី ។
៣ ក្រុងកែបមានភ្នំបណ្តុំជិត ឈរទ្រឹងហើយស្និតញាតិប្រុសស្រី
កំសាន្តសមុទ្រឆ្នេរចរណៃ ល្អឥតមានបីក្នុងលោកា ។
៤ ក្រុងកែបក្រុងទេពនិមិត្តប្លែក សួនច្បារគាប់ភ្នែកមនុស្សគ្រប់គ្នា
បៃតងលឿងទំចោលគន្ធា ដាមជាប់នាសារអោយរលឹក ។
៥ ក្រុងកែបក្រុងទេពអែបមាត់ច្រាំង ឆ្នេរខ្សាច់សចាំងរលកទឹក
ប្រៀបពេជ្រចរណៃថ្លៃអោយនឹក ទេសចរណ៍ឈរភ្លឹកភ្លាំងកាមា ។
៦ ក្រុងកែបឆ្នេរខ្សាច់ស្រស់បំព្រង សន្ធឹងតាមដងភ្នំព្រឹក្សា
ជំនោរបរិសុទ្ធស្រោបកាយា ស្លុងស្លុតកាមានឹងទេសភាព ។
៧ ក្រុងកែបឆ្នេរខ្សាច់សម៉ត់ខៃ សមុទ្រទឹកប្រៃថ្ងៃទន់ទាប
ផ្ទៃមេឃពណ៌មាសថ្ងៃផ្តើមក្រាប រំលេចទេសភាពល្អឥតខ្ចោះ ។
៨ ក្រុងកែបទេសភាពសមុុទ្រខ្មែរ កៀកកើយបំពេរដោយសម្ឋស្ប
ប្រស់មន្តញញឹមសង្ឃឹមខ្ពស់ សង្ឃឹមថាមនុស្សនឹងពេញចិត្ត ។
៩ ក្រុងកែបទេសភាពសមុទ្រខ្មែរ ធម្មជាតិបំពេរអារម្មណ៍ពិត
កំសាន្តឆ្នេរខ្សាច់ឆ្ងាយនិងជិត ងូតទឹកបំបាត់អារម្មណ៍ស្អុស ។
១០ ក្រុងកែបក្រុងទេពនិមិត្តខ្មែរ ក្រោមម្លប់ដូងរេតាមខ្យល់អូស
តន្រ្តីសមុទ្រលោមអោយចុះ ឈរទ្រឹហមើលកោះនាយជលសារ ។
១១ ក្រុងកែបទេសភាពសមុទ្រស្ងប់ ឆ្នេរខ្សាច់ដណ្តប់ប្របសួនច្បារ
ក្រុងកែបទេសភាពសួនគ្រួសារ ជុំញុាំអាហារដ៏ឈ្ងុយឆ្ងាញ់ ។
១២ ក្រុងកែបទេសភាពទេព្វប្រយុថ ឋានសួគ៌សមុទ្រផុតទោម្នេញ
ក្រុងកំពង់សោមប្រៀបភ្នំពេញ ទៅហើយវិលវិញសូមសវត្ថភាព ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមាតុភូមិបៃតងកម្ពុជា

ធម្មជាតិបៃតងនៃខេត្តកំពង់ធំ បទកាគតិ ១២ ១២ ២០១៤


១ ទេសភាពត្រកាល ទីក្រុងកណ្តាល ខេត្តកំពង់ធំ
ក្រុងប្របមាត់ស្ទឹង ស្ទឹងសែនមនោរម្យ សួនច្បារប្រជុំ
ឧត្តមក្រៃណា ។
២ ទេសភាពមាត់ស្ទឹង ម្លប់ឈើត្រឈឹង ស្រៀវស្រើបកាយា
ជំនោររំភើយ កៀកកើយកេសា លួងលោមឱរ៉ា
ស្ញើបដល់បេះដូង ។
៣ ទេសភាពមាត់ស្ទឹង ម្លប់ឈើត្រឈឹង ក្រសោបអោបទ្រូង
អប់ក្លិនកេសរ ជ្រាបសព្វបេះដូង សួនច្បារម្លប់ដូង
ក្នុងក្រុងសុីវិល័យ ។
៤ សួនច្បារប្រណិត សោភ័ណ្ឌស្រស់ពិត ប្របស្ទឹងនិស្ស័យ
ស្ទឹងសែនទឹកហូរ ប្រស់ចិត្តអោយថ្មី ស្ទឹងសែនបុរី
ទេសភាពល្អឯក ។
៥ សួនច្បារប្រណិត ស្ពានថ្មលោមស្និត ល្អពិតក្រោមមេឃ
ហាក់ដូចនាគរាជ សណ្តូកតោងផ្អែក ខ្នងកោងទល់មេឃ
ចំលងមនុស្សា ។
6 ស្ពានថ្មថ្មីចាស់ រឹងមាំខ្លាំងណាស់ មិនទ្រោមឡើយណា
លំអរដងស្ទឹង ទាញទាក់នេត្រា ប្រាប់ន័យក្លឹនសារ
ភាសាធម្មជាតិ ។
៧ ប្របស្ទឹងបៃតង សួនច្បារផូរផង់ មនោរម្យផងញាតិ
ប្រៀបរមណីយដ្ឋាន បៃតងធម្មជាតិ មាត់ស្ទឹងល្អស្អាត
ខ្យល់ល្អបរិសុទ្ធ ។
៨ ធម្មជាតិបៃតង ប្របស្របតាមដង យោលយោគដោលដោត
ខាបអស់អារម្មណ៍ អោយស្លុងឆ្ងាយផុត ទុក្ខព្រួយរលត់
ស្ងប់ក្នុងចិន្តា ។
៩ ទេសភាពបៃតង ធម្មជាតិរេរាំ បង្អួតមនុស្សា
សំរស់ស្ទឹងសែន ដំរីជាន់ខ្លា គយគន់កាលណា
ដាមជាប់បេះដូង ។
១០ គយគន់ធម្មជាតិ កំពង់ធំទៀត ទេសភាពយិតយោង
វាលស្រែល្វឹងល្វើយ គ្មានត្រើយអោយតោង សន្ទុកភ្នំផង
រមណីយដ្ឋានស្អាត ។
១១ ដងភ្នំសន្ទុក ទេសចរក្នុងស្រុក មិនដែលឡើយឃ្លាត
ឋានសួគ៌បៃតង បំណងផងញាតិ សុខកូនចៅទៀត
ពរទិព្វឥសី ។
១២ អាស្រមឆ្ងាយខេត្ត អ្នកតាថ្មអណ្តែត រក្សាព្រឹក្សព្រៃ
ផ្តល់សុខកូនចៅ ប្រាជ្ញាវាងវៃ កុលបុត្រប្រុសស្រី
សសរទ្រូងខ្មែរ ។
១៣ សំបូរព្រៃគុក ប្រាសាទបិទមុខ វប្បធម៌ជាកេរ្តិ៍
ក្រុមប្រាសាទតោ យាយព័ន្ធ ផងដែរ ស្នាដៃកូនខ្មែរ
សម័យចេនឡា ។
១៤ ទេសចរធម្មជាតិ ភ្នំពេញសៀមរាប ទេសភាពជលសារ
ដងស្ទឹងព្រៃប្រស់ រមនាកាយា ស្រស់ស្រូបអាហារ
រសជាតិពិសេស ។
១៥ ស្ទឹងសែនព្រែកស្បូវ ធម្មជាតិដងផ្លូវ យោលយោកកៀងកេះ
មើលពីរថយន្ត ដួងចិត្តត្រិះរិះ រមណីយដ្ឋាននេះ
វិសេសអស្ចារ្យ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ