Sunday, January 4, 2015

ធម្មជាតិបៃតងនៃខេត្តកំពង់ធំ បទកាគតិ ១២ ១២ ២០១៤


១ ទេសភាពត្រកាល ទីក្រុងកណ្តាល ខេត្តកំពង់ធំ
ក្រុងប្របមាត់ស្ទឹង ស្ទឹងសែនមនោរម្យ សួនច្បារប្រជុំ
ឧត្តមក្រៃណា ។
២ ទេសភាពមាត់ស្ទឹង ម្លប់ឈើត្រឈឹង ស្រៀវស្រើបកាយា
ជំនោររំភើយ កៀកកើយកេសា លួងលោមឱរ៉ា
ស្ញើបដល់បេះដូង ។
៣ ទេសភាពមាត់ស្ទឹង ម្លប់ឈើត្រឈឹង ក្រសោបអោបទ្រូង
អប់ក្លិនកេសរ ជ្រាបសព្វបេះដូង សួនច្បារម្លប់ដូង
ក្នុងក្រុងសុីវិល័យ ។
៤ សួនច្បារប្រណិត សោភ័ណ្ឌស្រស់ពិត ប្របស្ទឹងនិស្ស័យ
ស្ទឹងសែនទឹកហូរ ប្រស់ចិត្តអោយថ្មី ស្ទឹងសែនបុរី
ទេសភាពល្អឯក ។
៥ សួនច្បារប្រណិត ស្ពានថ្មលោមស្និត ល្អពិតក្រោមមេឃ
ហាក់ដូចនាគរាជ សណ្តូកតោងផ្អែក ខ្នងកោងទល់មេឃ
ចំលងមនុស្សា ។
6 ស្ពានថ្មថ្មីចាស់ រឹងមាំខ្លាំងណាស់ មិនទ្រោមឡើយណា
លំអរដងស្ទឹង ទាញទាក់នេត្រា ប្រាប់ន័យក្លឹនសារ
ភាសាធម្មជាតិ ។
៧ ប្របស្ទឹងបៃតង សួនច្បារផូរផង់ មនោរម្យផងញាតិ
ប្រៀបរមណីយដ្ឋាន បៃតងធម្មជាតិ មាត់ស្ទឹងល្អស្អាត
ខ្យល់ល្អបរិសុទ្ធ ។
៨ ធម្មជាតិបៃតង ប្របស្របតាមដង យោលយោគដោលដោត
ខាបអស់អារម្មណ៍ អោយស្លុងឆ្ងាយផុត ទុក្ខព្រួយរលត់
ស្ងប់ក្នុងចិន្តា ។
៩ ទេសភាពបៃតង ធម្មជាតិរេរាំ បង្អួតមនុស្សា
សំរស់ស្ទឹងសែន ដំរីជាន់ខ្លា គយគន់កាលណា
ដាមជាប់បេះដូង ។
១០ គយគន់ធម្មជាតិ កំពង់ធំទៀត ទេសភាពយិតយោង
វាលស្រែល្វឹងល្វើយ គ្មានត្រើយអោយតោង សន្ទុកភ្នំផង
រមណីយដ្ឋានស្អាត ។
១១ ដងភ្នំសន្ទុក ទេសចរក្នុងស្រុក មិនដែលឡើយឃ្លាត
ឋានសួគ៌បៃតង បំណងផងញាតិ សុខកូនចៅទៀត
ពរទិព្វឥសី ។
១២ អាស្រមឆ្ងាយខេត្ត អ្នកតាថ្មអណ្តែត រក្សាព្រឹក្សព្រៃ
ផ្តល់សុខកូនចៅ ប្រាជ្ញាវាងវៃ កុលបុត្រប្រុសស្រី
សសរទ្រូងខ្មែរ ។
១៣ សំបូរព្រៃគុក ប្រាសាទបិទមុខ វប្បធម៌ជាកេរ្តិ៍
ក្រុមប្រាសាទតោ យាយព័ន្ធ ផងដែរ ស្នាដៃកូនខ្មែរ
សម័យចេនឡា ។
១៤ ទេសចរធម្មជាតិ ភ្នំពេញសៀមរាប ទេសភាពជលសារ
ដងស្ទឹងព្រៃប្រស់ រមនាកាយា ស្រស់ស្រូបអាហារ
រសជាតិពិសេស ។
១៥ ស្ទឹងសែនព្រែកស្បូវ ធម្មជាតិដងផ្លូវ យោលយោកកៀងកេះ
មើលពីរថយន្ត ដួងចិត្តត្រិះរិះ រមណីយដ្ឋាននេះ
វិសេសអស្ចារ្យ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment