Friday, November 7, 2014

អាងសុទ្ធតែខុស បទពាក្យ ៧ ១៥ ០៤ ២០០៩


  មនុស្សមនាសព្វថ្ងៃសែនទំរើស           អាងបង្អែកខ្ពស់ឬកគគ្លើន
    ចង់គ្មានពេលឈប់ទ្រូងងើយពើន       ងើយឡើងធ្វើផ្គើនអាងនឹងឈ្មោះ  ។
២  អ្នាកមានអាងទ្រព្យលុយដុល្លារ          អាងផ្ទះវិឡារល្អឥតខ្ចោះ
    អាងរថយន្តថ្មីដីទាបខ្ពស់                  អាងនេះអាងនោះព្រោះលោភលន់  ។
៣  អ្នកមានអាងលុយធ្វើអោយហំ          អ្នកក្រអាងយំសុំបែរបន់
    ក្រអាងគេជួយឬកទំរន់                     សុីដេកមិនខំប្រឹងធ្វើការ   ។
៤  អ្នកខ្ជិលអាងសុំចំអែតពោះ               សុំអោយតែរស់ស៊ូវេទនា
    ខ្វះភាពព្យាយាមក្នុងការងារ               កើតស្លាប់ឈឺជាដូចសត្វធាតុ   ។
៥  អ្នកឃ្លានអាងសុីមិនចេះឈប់            ខ្លាចអត់សុីគ្រប់ធំតែមាឌ
    អាងម្ហូបស្រីស្រាក្លាមាយាឃ              សុីហើយសុីទៀតដល់ស្លាប់ខ្លួន  ។
៦  អ្នកខ្លាំងអាងមាឌវាយទាត់ធាក់          អាងកាប់អាងចាក់អាងខុសក្បួន
    ខុសហើយចង់ឈ្នះឈ្លើយហំហួន      ដល់គុកព័ទ្ធខ្លួនទើបដឹងខុស   ។
៧  មនុស្សចាស់អាងង៉ក់ងក្នុងចិត្ត          អាងមិនចេះគិតស្តីបន្ទោស
    អាងត្រូវគ្មានវៀចល្អទាំងអស់             អាងទាល់តែខ្សោះមនុស្សជុំវិញ  ។
៨  មនុស្សក្មេងអាងយំផ្សំមិនដឹង            ល្ងង់ហើយមិនប្រឹងរៀនទន្ទេញ
    មិនអានសៀវភៅមិនបញ្ចេញ             ទុក្ខសោកទោម្នេញច្រណែនគេ  ។
៩  មនុស្សខូចអាងល្បិចក្បួនបោកប្រាស់   អាងក្មេងអាងចាស់អាងមានមេ
    អាងលូចអាងប្លន់អាងមានខ្សែរ           អាងលុយសុីញេលើក្រដាស  ។
១០ អ្នកចេះអាងប្រាជ្ញអាងវិជ្ជា                ធ្វើឈ្នាន់ភាសាដើរផ្តេសផ្តាស
    បំពានអ្នកនេះជាន់អ្នកនោះ                អាងបុណ្យសក្តិខ្ពស់ក្នុងរាជការ    ។
១១ អ្នកធំអាងលុយអាងអំណាច           ហំហួនមិនខ្លាចច្បាប់រដ្ឋា
    ដឹងច្បាប់ល្មើសច្បាប់រដ្ឋសភា             អាងខ្លួនមានងារជាកុង្សី    ។
១២ អាងត្រូវអាងខុសអាងខ្ពស់ទាប        អាងទ្រព្យអាងមាឌអាងឆ្លាតវៃ
    អាងសុទ្ធតែខុសគ្មានតំលៃ                នាំទុក្ខអោយក្ស័យតែខ្លួនឯង    ៕
      និពន្ធដោយវេជ្ជបណ្ឌិត   ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment