Wednesday, November 5, 2014

មហាចិត្តមនុស្សធម៌ Beat Richner បទពាក្យ៧(23 11 2012)


  បិតភ្នែកសញ្ជឹងសំលឹងឆ្ងាយ           តាមផ្ទៃជលសៃ​មហាធំធេង
    នឹកដល់ធម្មជាតិភ្នំវាលវែង              Zurich ក្រុងដែនមនុស្សចិត្តធម៌
២  សញ្ជឹងនឹកគិតក្រុងល្អឆើត             ក្រុងផ្តល់កំណើតមនុស្សដ៏ល្អ
   លះបង់ញើសឈាមកាយបវរ           ខ្មែរស្ងើចគុណធម៌ Richner ណាស់ ។
៣  លោកឃើញទុក្ខព្រួយបងប្អូនខ្មែរ      ឃើញទុក្ខអ្នកមែ៉រទាំងក្មេងចាស់
   អោបកូនទួញយំចេញឆ្ងាយផ្ទះ          ក្រាបលូនសំពះគ្រូអូមអាម    ។
៤  ឃើញហើយខ្លោចចិត្តអាណិតក្រៃ     ផ្តួចផ្តើមហឬទ័យផ្សព្វផ្សាយតាម
   មូលនិធិមនុស្សធម៌ពរព្យាយាម          ជួយខ្មែរអោយសមចិត្តលោកមាន  ។
៥  លោកផ្តើមបង្កើតមន្ទីរពេទ្យ          ​   ជួយក្មេងដោយចិត្តប្រស់ប្រទាន
    ឈឺធ្ងន់ឈឺស្រាលរោគរុគរាន            គ្រុនចាញ់គ្រុនឈាមត្រូវថមថយ  ។
៦  គ្រុនក្តៅញ័រញាក់ពុលរាគក្អួត           របេងឆ្អឹងសួតថ្នាំលោកជួយ
   ព្យាបាលត្រឹមត្រូវក្បួនខ្នាតអោយ        រោគធ្ងន់ស្រាលអើយស្រាន្តទៅឆ្ងាយ  ។
៧  ជំងឺចាស់ថ្មីធ្ងន់ប៉ុណ្ណា                     គុន្ឋាបុប្ឋាជួយដោយងាយ
   តាមក្បួនវេជ្ជសាស្រ្តទំនើបសាយ        ប្រាប់ខ្មែរប្រុសស្រីកុំបីខ្លាច   ។
៨  លោកផ្តល់វ៉ាក់សាំង ពិនិត្យពោះ       បន្ទាន់សង្រ្គោះជំងឺកាច
    បាក់ឆ្អឹងតឆ្អឹងទ្រូងប៉ោងពៀច           វះកាត់ចងគៀបស្អាតដូចដើម  ។
៩  លោកជួយកូនខ្មែរអោយសង្ឃឹម       ផ្តល់ស្នាមញញឹមរាល់ដង្ហើម
    បេះដូងនិងចិត្តលោកនៅផ្សើម          កៀងខ្មែរជួយផ្តើមជួយខ្មែរផង  ។
១០ ខ្មែរអើយគិតមើល Beat Richner    លោកមានមនុស្សធម៌ល្អឥតហ្មង
    តស៊ូជួយខ្មែរអោយផូរផង់                ខ្មែរមានអ្វីស្នងសំរាប់គាត់  ។
១១ ខ្មែរព្រួយថ្ងៃមួយគ្មាន Richner        កំពូលមនុស្សល្អមានទៀតអត់
   មនុស្សល្អយ៉ាងនេះប្រៀបទេវបុត្រ       ប្រៀបព្រះមហោសថរស់ម៉ឺនឆ្នាំ  ។
១២ ខ្មែរអើយនឹកដល់មហាគុណលោក  កិត្តយសជ័យជោគត្រូវចងចាំ
    ខ្មែរអើយគោរពរាល់បណ្តាំ                គន្លងលោកនាំខ្មែរអើយជួយខ្មែរ  ៕
       ​និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី   កវីមាតុភូមិបៃតង

No comments:

Post a Comment