១ រាង្គកាយមាំមួនសុខភាពល្អ
ប្រាជ្ញាបវរសុខរាល់ថ្ងៃ
ស្រលាញ់ខ្លួនឯងគួរលកលៃ
មុននឹងចង់ឆីគិតអោយស្រេច ។
២ ត្រូវដឹងហើយចាំទំលាប់ពិត
ត្រូវដឹងហើយគិតត្រូវកុំភ្លេច
ក្រពះតូចមួយមិនដែលគេច
ជាតិពុលរាល់ល្បិចបំផ្លាញឡើយ ។
៣ ក្រពះតូចមួយជួយអោយធំ
រងទុក្ខដំណំគ្មានល្ហែល្ហើយ
ដំបៅរលាកឈឺគ្មានស្បើយ
កាលបើដឹងហើយចូរការពារ ។
៤ ក្រពះខ្លាចណាស់អាហារខ្លាញ់
ម្ទេសហិរចៀនឆ្ងាញ់ចាញ់ពើតផ្សា
ភេសជ្ជៈមានហ្គាសនិងសុរា
អាចនាំរោគាកាយទ្រុតទ្រោម ។
៥ ក្រពះខ្លាចណាស់មនុស្សគិតច្រើន
ដឹងហើយនៅផ្គើនទុក្ខអោយរោម
បាយមិនទៀងទាត់ធាត់មកស្គម
ក្រពះទ្រុតទ្រោមដំបៅយូរ ។
៦ ក្រពះខ្លាចណាស់ថ្នាំពេទ្យខ្លះ
ក្រពះខំប្រាស់មិនធន់ជូរ
ក្រពះយល់ដឹងក្បួនគំរូ
ការពារកុំធូររាល់វេលា ។
៧ សុខភាពក្រពះសំខាន់ណាស់
គួរតែយល់ច្បាស់ទុក្ខវេទនា
ញ៉ាំអោយទៀងទាត់កុំពាលា
ហាត់ប្រាណកាយាអោយមាំមួន ។
៨ សុខភាពក្រពះនិងរាង្គកាយ
កុំខកកុំស្តាយកុំស្មើងខ្លួន
វេជ្ជបណ្ឌិតគិតតាមក្បួន
សួរនាំអោយធួនក្បួនការពារ ។
៩ ការពារតែងល្អជាងព្យាបាល
ជំងឺធ្ងន់ស្រាលខ្លាំងយ៉ាងណា
បំផ្លាញទាំងខ្លួននិងគ្រួសារ
បង់ទាំងថវិការវេលាទៀត ។
១០ សូមក្រើនរំលឹកនឹកសណ្តាន
កុំបីភ្លេចប្រាណរំលងញាតិ
អាហាររាល់ថ្ងៃអោយធំមាឌ
ក៍អាចចោលម្សៀតសំលាប់យើង ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment