១ ក្រោកពីព្រលឹមសំលឹងឆ្ងាយ រំលងព្រឹក្សព្រៃនាយជើងមេឃ
ឆព្វណ្ណរង្សីឡើងភ្លឺផ្លេក ចាំងឆ្លុះតំនេកហ្វូងបក្សា ។
២ សំលឹងមើលព្រៃទល់ព្រឹកស្អែក តាមភ្នំដងរែកព្រំសីមា
រលកសមុទ្រព្រៃព្រឹក្សា រញ្ជួយឱរាស្លុតបេះដូង ។
៣ សមុទ្រធម្មជាតិដ៍ធំធេង សៅសោកសង្រែងភ្នែករលោង
ដេកដួលម្តងមួយក្សៃតៃហោង សូមលោកជួយផងខេមរជន ។
៤ ព្រៃឈើដ៍ស្រស់រនៀរដេក គួរអោយសង្វេកចិត្តពេកពន់
រណារអារផ្តាច់ច្រៀករយពាន់ ឈាមជ័រឈើធ្ងន់ប្រាប់អស់ញាតិ ។
៥ ដួលដេកមួយដើមទៅលានដើម គាស់ទាំងឬសមើមព្រៃធម្មជាតិ
សមុទ្រគោករីងគ្មានឈើជ្រៀត មើល!ខ្មែរក្រោយទៀតបានអីអួត ។
៦ ព្រៃឈើក៍អស់ភ្នំក៍វាល ដីធ្ងន់ក៍ស្រាលទន្លេហួត
ម្រឹគីម្រឹគាងាប់ហិនហោច ខ្មែរអើយទុក្ខសោកនឹងមកដល់ ។
៧ ទន្លេព្រែកស្ទឹងបឹងធម្មជាតិ គោករីងព្រោងព្រាតក្តៅខ្សោះខ្យល់
សូមជួយថែរផងនាំមង្គល ក្រែងស្រុកកើតកលភ្លើងឆេះកាល ។
៨ ទន្លេព្រែកស្ទឹងរីងហួតអស់ ឯមនុស្សស៊ីជុះចោលពាសវាល
មិនជួយជីកស្តាបែលប់ក្រាល លប់ព្រែកស្ទឹងជ្រាលសុខផ្ទាល់ខ្លួន ។
៩ ព្រៃឈើក៍អស់ភ្នំក៍វាល ដីធ្ងន់ក៍ស្រាលព្យុះផ្ទួនៗ
មេឃក៍គ្មានភ្លៀងស្ងួតហែងហួន តើអោយបងប្អូនគិតម្តេចដែរ ។
១០ ព្រៃឈើក៍អស់ភ្នំក៍វាល ដីធ្ងន់ក៍ស្រាលព្រោះគ្មានរ៉ែ
ក្នុងទឹកអស់ត្រីក្ស័យដីស្រែ ឱខ្មែរអើយខ្មែរពឹងអ្នកណា ។
១១ មើលមេឃសញ្ជឹងសំឡឹងឆ្ងាយ សូមកម្ពុជាអើយមានទេវតា
ស្រលាញ់ទ្រទ្រង់រាជខេមរា មរតកវង្សាមហានគរ ៕s
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment