Monday, November 3, 2014

មនុស្សល្ងង់លង់ស្នេហ៍ បទពាក្យ៨ ០៧ ០៦ ២០១៣


  ព្រោះតែស្នេហាវាចារមិនចេញ            ស៊ូរស់ទោម្នេញទន្ទេញពាក្យស្មោះ
   ឱបជាប់ដួងចិត្តជីវិតក្រៀមក្រោះ           រយមុឺនស្រណោះមិនអស់អាល័យ  ។
២​  ព្រោះតែបេះដូងលង់ស្នេហ៍ថ្នាក់ហ្នឹង    ចិត្តសំងំឈឹងក្រំក្រៀមហឬទ័យ
   សារភាពចិត្តខ្លួនមនុស្សល្ងង់និងថ្លៃ        ទោះដឹងថាស្រីហាក់មិនជ្រើសបង  ។
៣  ព្រោះតែកែវភ្នែកប៉ងចែកដួងចិត្ត         ឆោមស្រស់វមិត្តជ្រើសជាគូរគ្រង
    មើលឃើញអូនល្អគ្មានអ្វីអោយឆ្គង      ខ្សឹបផ្តាំដើមទ្រូងបេះដូងអើយស៊ូ  ។
៤  ព្រោះតែស្រលាញ់ព្រមចាញ់គ្រប់យ៉ាង  ឈឺចាប់មិនរាងចិត្តនេះមិនប្តូរ
   ទោះធញ់អូនស្អប់ខឹងមុខស្អុយជូរ         ទ្រូងបងថ្ងូចថ្ងូរផ្សងរស់ក្បែរស្រី  ។
៥  ព្រោះតែស្រលាញ់ព្រមធ្វើមនុស្សល្ងង់   ធ្វើគធ្វើថ្លង់មិនដឹងរឿងអ្វី
   ស្នេហាបាំងមុខឃើញតែថ្លើមថ្លៃ           ញញឹមមានន័យពេញក្នុងបេះដូង  ។   
៦  ព្រោះតែស្នេហាបន្លវល្ហិស្អិត                 ចាក់ដោតដួងចិត្តឈឺពេញដើមទ្រូង
   របួសឡើងខ្ទុះខ្ទាំខ្ទេចសុីរូង                  ធ្វើអោយបេះដូងហ្មងសៅម្នាក់ឯង   ។
៧  ព្រោះតែនឹកស្រីមមៃគិតដល់              ឆោមកែវនិមលចិត្តហោះដូចផ្សែង
   ទោះអូនទាត់ធាក់ហែកខាំជាល្បែង       មនុស្សនេះមិនក្រែងប៉ងស្នេហ៍ជានិច្ច   ។
៨  ព្រោះតែបេះដូងសុីរូងដោយស្នេហ៍       ទោះខឹងអូនជេរបង្ខំអោយភ្លេច
   ក៍មនុស្សល្ងង់នេះមិនអាចរត់គេច         ព្រមទទួលស្រេចដោយដៃទាំងទ្វេ  ។
៩  ព្រោះតែព្រមល្ងង់ព្រមទទួលឈឺ         ព្រមថ្លង់មិនលឺព្រមឈឺមិនល្ហែរ
   សង្ឃឹមថ្ងៃមួយក្រែងចិត្តអូនប្រែ             ឃើញមនុស្សល្ងង់ស្នេហ៍ក្នុងកែវភ្នែកខ្លះ  ៕
      និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ
    
      
      

No comments:

Post a Comment