Friday, November 7, 2014

ប្រសាទបុរាណខ្មែរ បទកាកគតិ ១២ ០៦ ២០០៧


  ខ្មែរអើយអើយខ្មែរ        រួមគ្នាជួយថែរ             សម្បត្តិវប្បធម៌
     ជាតំលៃជាតិ              ថ្លៃថ្លាបវរ                   តុបតែងលំអរ
                                   ប្រទេសរុងរឿង   ។
២  ខ្មែរអោយកេរ្តិ៍ឈ្មោះ    វីរៈបុរស                    ជួយជាតិថ្កុងថ្កើង
     ប្រាសាទបុរាណ         មរតកនៃយើង            ចូរលើកតម្កើង
                                   ការពារអោយគង្គ   ។
៣  វប្បធម៌ខ្មែររះ              កម្ពុជាលូតលាស់       ល្អស្រស់ផូរផង់
     បិតិកភ័ណ្ឌជាតិ          កូនខ្មែរទ្រទ្រង់            ​ ការពាររឹងមាំ
                                    បង្ហាញលោកា  ។
៤  អង្គរវត្តល្បី                អន្តរតំលៃ                   លើដែនភសធារ
    ជាអច្ឆរិយៈ                វត្ថុអស្ចារ្យ                   ទេសចរត្រៀបត្រា
                                  ក្នុងពិភពលោក  ។
  មើលពីលំហរ            អង្គរវត្តឈរ                ហៅខ្មែរអោយក្រោក
    ដាក់ចិត្តស្រលាញ់     ការពារមរតក              អស្សារាយាងមក
                                   រាំជួនពរជ័យ  ។
៦  ខ្មែរអើយចម្លាក់          ជីវិតអមតៈ                 រស់ដល់សព្វថ្ងៃ
   ប្រាសាទសាយ័ន          ស្រស់បន្ទាយស្រី         លានជល់ដំរី
                                   ស្នាដៃដូនតា  ។
៧  អង្គរតូចធំ                តំលៃឧត្តម                 ប្រាង្គព្រះវិហារ
   សម្បត្តិកូនខ្មែរ            ស្នាដៃខេមរា               ខ្មែរអើយរក្សា
                                  បង្ហាញមនុស្សថ្មី  ។
៨  ប្រសាទផ្សេងទៀត      មានច្រើនអនេក          ពាសពេញទឹកដី
   ប្រាសាទភ្នំដា              ជីសូរបារមី                 ឧត្តុងបុរី
                                   ស្រស់បន្ទាយឆ្មា  ។
៩  ប្រាសាទព្រះខ័ណ្ឌ       មាត់ទឹកមុខវាំង          នាមច័ន្ទឆាយា
   ជាចម្លាក់ឆ្នើម               អង្គរក្សយាមទ្វា          ទឹកចិត្តហានក្លា
                                   នេត្រាមុតវៃ  ។
១០ របាំបាចផ្កា              រាំថ្វាយទេវតា            រក្សាទឹកដី
   រក្សាជាតិខ្មែរ               មហាក្សត្រល្បី           បាចជូនពរជ័យ
                                   ព្រះជនម៉ឺនឆ្នាំ  ។
១១ ចម្លាក់លើទ្វា          ជញ្ជាំងនានា             ស្រាយឆ្លុះបញ្ចាំង
   ជីវិតខ្មែររស់                 ដោយចិត្តរឹងមាំ          សន្តិភាពក្រៅក្នុង
                                   កម្ពុជាតែមួយ  ។
១២ ស្តេចស្វាស្តែងរិទ្ធ       នាគរាជរុំបិត             ដំរីបង់បោយ
   អ្នកខ្លាំងធ្វើសឹក            នាំមុខមេកោយ          ខ្មាំងរាបដកថយ
                                  ទ័ពខ្មែរបានជ័យ  ។
១៣ ប្រាសាទកោះកេរ្តិ៍      ក្នុងព្រៃដីខ្មែរ             លាក់ភាពប្រិមប្រិយ
    ជ្រោះភ្នំគូលែន            រលួសដងព្រៃ            អង្គរបុរី
                                  សំបូរព្រៃគុក  ។
១៤ ប្រាសាទក្បាលស្ពាន    ស្តេចតោហនុមាន     ធ្វើពីថ្មភក
    ប្រាសាទបាគង           បឹងមាលាអក           ភ្នំប្រុសភ្នំស្រី
                                  ប្រាង្គស្ពានប្រោះទោស  ។
១៥ តឹកតាងពិសេស      គំនិតរិះត្រិះ                ទ្រព្យកេរ្តិ៍ប្រាង្គផុស
   ល្អដាច់ក្នុងលោក         អោយខ្មែរសន្តោស      ខ្មែរខ្ពស់កិត្តិយស
                                  សាមគ្គីជានិច្ច  ។
១៦ ប្រាង្គខ្មែររយពាន់      ខ្មែររាល់ជំនាន់             មើលថែរកុំភ្លេច
    ប្រាង្គកេរ្តិ៍ដូនតា           រចនាល្អផ្តាច់              ខ្មែរអើយកុំធ្មិច
                                 បំផ្លាញជាតិឯង  ។
១៧ ប្រាង្គខ្មែររែងខ្វល់      ខ្លាចខ្មែរពិសពុល        លក់អោយជាតិផ្សេង
   ក្បូរក្បាច់ចំលាក់         ធ្នាក់ឈ្មួញវង្វេង         បំផ្លាញជាតិឯង
                                 ព្រោះស្រីលុយឡាន  ។
១៨ ប្រាង្គប្រាដូនតា        ដាស់ពង្សាវតា            ភ្ញាក់ខ្លួនអោយស្រាន្ត
   ងើបពីលោភលន់        សូមគ្រាន់នឹងមាន       មើលជាតិសាន្តប្រាណ
                                ផ្តើមពីខ្លួនអ្នក  ៕
     
     និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ 


No comments:

Post a Comment