Wednesday, November 5, 2014

ស្រលាញ់ណាស់អ្នកម្តាយសំណប់ចិត្ត បទពាក្យ៧ ១២ ០៥ ២០១៣


    កូនលើកម្រាមដប់គោរពម៉ែ                លោកពុកផងដែរអ្នកមានគុណ
     ព្រៀងប្រិតប្រដៅចិត្តអត់ធន់               ខ្លាចកូនទោទន់ចាកផ្លូវធម៌    ។
២  កូនលើកម្រាមដប់ក្រាបសំពះ              គុណម៉ែគុណព្រះថ្លៃបវរ
     ម៉ែផ្តល់ជីវិតពិតដោយពរ                    ម៉ែផ្តល់កាយល្អយ៉ាងមាំមួន   ។
៣   កូនលើកម្រាមដប់សព្វព្រះគុណ          ម៉ែមិនទំរន់ត្អូញឈឺខ្លួន
     ការងារធ្ងន់ស្រាលមើលថែថួន              កូនបងកូនប្អូនចិត្តស្មើគ្នា   ។
៤   កូនលើកម្រាមដប់ក្រាបប្រណម           គុណម៉ែមហាធំប្រៀបទេវតា
      អប់រំទូន្មានថែកូនភ្ញា                          ខ្លាចកូនវេទនាខ្វះប្រាជ្ញយស  ។
៥   កូនលើកម្រាមដប់ភ្ជាប់ដោយចិត្ត          នឹកគុណម៉ែពិតប្រៀបព្រះរស់
     ស្រលាញ់ណាស់ម៉ែគ្មានអ្វីលោះ            គុណម៉ែសែនខ្ពស់គ្មានអ្វីស្មើ   ។
៦   កូនលើកម្រាមដប់ស្រោបកតញូ           គុណម៉ែកូនស៊ូស្លាប់ដំណើរ
     ស៊ូលំបាកខ្លួនអស់ផ្លូវដើរ                     ព្រោះគុណម៉ែផ្ញើយសនឹងកូន   ។
៧  កូនលើកម្រាមដប់ក្រាបបួងសួង           ទេវតាឥន្ទព្រហ្មធំទាំងបួន
     សូមផ្តល់ជ័យពរសក្តិសិទ្ធជួន              សុខភាពមាំមួនធន់រោគា   ។
៨   កូនលើកម្រាមដប់ក្រាបព័ទ្ទភ្នេន          សូមអាយុវែងជូនមាតា
     សូមភ្នែកម៉ែភ្លឺមើលកូនណា                ថាកូនគ្រប់គ្នារីករាយណាស់  ។
៩   កូនលើកម្រាមដប់សំពះម៉ែ                 គុណធ្ងន់លើសគេមិនដែលខ្វះ
     ផ្តល់អោយបងប្អូនទូន្មានច្បាស់           ថាលើលោកនេះគ្មានអ្នកផ្ទឹម  ។
១០  ស្រលាញ់ម៉ែណាស់ម្តាយសំណប់     កូនលើកម្រាមដប់សុំសង្ឃឹម
    ជូណពរពុកម៉ែដោយញញឹម                កូនៗ សុខដុមតរៀងទៅ   ៕
     និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment