១ ធម៌មានក្នុងចិត្ត តាមដោយគំនិត គិតល្អនៃយើង
គន្លងផ្លូវត្រូវ សខ្មៅស្តួចស្តើង យល់ខុសកុំឆ្មើង
អ្នកផ្តល់ឱវ៉ាត ។
២ ធម៌មានរស្មី តេជៈបារមី បរិសុទ្ធជាញាតិ
នាំចិត្តអោយស្ងប់ ស្រលាញ់ធម្មជាតិ មើលមនុស្សផងទៀត
ក្នុងផ្លូវដែលល្អ ។
៣ ធម៌មិនវង្វេង កុហក់ខ្លួនឯង បន្លំភូតភរ
មិនមានចិត្តក្រោធ ក្រេវឆោតគ្មានទ្រ អួតអាងអស់ពរ
ពុកម៉ែផ្តល់អោយ ។
៤ ធម៌គ្មានគំនុំ មិនខឹងមូលផ្តុំ តទៅថ្ងៃក្រោយ
ធម៌គ្មានទំនាស់ ស្រីប្រុសក៍ដោយ ស្មើភាពគ្នាហើយ
កុំបីប្រកាន់ ។
៥ ធម៌គ្មានហឹង្សា ស្មោះត្រង់នឹងគ្នា កុំអោយមានខណ្ឌ
កុំបីលោភលន់ ច្រណែនជិះជាន់ ខ្មែរអើយសូមគ្រាន់
ល្បែងស្រាស្រីញី ។
៦ ធម៌ចិត្តសប្បុរស ធម៌នាំនូវយស រស់ដោយសំភី
តំលៃខ្លួនយើង ធ្ងន់ជាងគីរី ខ្មែរអើយមូលមី
កត់ត្រាអោយជាក់ ។
៧ ធម៌ប្រាស្រ័យល្អ ជីវិតបវរ សង្ឃឹមទុកដាក់
គោរពខ្លួនឯង ញាតិផងម្នាក់ៗ មើលឃើញធុរៈ
បងប្អូនជាធំ ។
៨ ធម៌អធ្យាស្រ័យ ចិត្តធ្ងន់ខន្តី សាមគ្គីមាតុភូមិ
ខ្មែរមួយមេឃមួយ កុំព្រួយកុំយំ យើងរស់សុខុម
ដោយភាពថ្លៃថ្នូរ ។
៩ ធម៌ល្អបញ្ញា សមត្ថភាពម្ចាស់ការ សីលទ្រព្យបរិបូរណ៍
គោរពវិន័យ ពុទ្ធពរផង់ផូរ ក្បួនច្បាប់ត្រាប់គូរ
មើលខ្មែរអោយថ្កើង ។
១០ ធម៌ស្នេហាជាតិ សាមគ្គីអស់ញាតិ កំលាំងខ្មែរយើង
ប្រាប់សាសន៍ដ៏ទៃ កុំបីផ្គើនឡើង ថ្ងៃនេះខ្មែរដឹង
ល្បិចកលអស់ហើយ ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment