Wednesday, November 5, 2014

ស្តេចខ្មែរមានរិទ្ធពិសេស បទព្រហ្មគិត ០៨ ០៣ ២០០៩


  ផ្ទៃមេឃខៀវស្រងាត់          ពពកផាត់តាមវាយោរ
   មេឃសប្រែភ្លៀងផ្គរ             ធ្លាក់បង្អុរស្រោចព្រឹក្សា  ។
២  ភ្លៀងធំជន់លិចព្រៃ            ហូរសព្វសាយទឹករងថ្លា
   ទំលាក់លើថ្មដា                  បែកជាផ្កាជ្រោះសែនស្អាត  ។
៣  ផ្កាទឹកដូចផ្កាថ្ម                 ចាំងជាពណ៌ព្រះអាទិត្យ
   ស្រោចស្រពធម្មជាតិពិត      ខៀវស្រងាត់ស្រស់បំព្រង  ។
៤  ផ្កាទឹកផ្កាធម្មជាតិ             រីកព្រោងព្រាតចោលលំអង
   សាយសព្វតាមជ្រោះជ្រង    អោយកន្លង់ប៉ងនែបនិត  ។
៥  ផ្កាស្រស់អប់ដោយក្លិន      ដូចសុបិន្តទេពនិមិត្ត
   ដូចឋានសួគ៌ាពិត               សួនប្រណិតគីរីរម្យ   ។
៦  ម្លប់ឈើខ្យល់បរិសុទ្ធ         ទីប្រាកដស្រីសួគ៌រាំ
   រៀងរាល់ល្ងាចសាយ័ន         គួរគយគន់ជាប់នេត្រា   ។
៧  ស្តេចយាងក្រសារព្រៃ         ស្រីសួគ៌ថ្លៃអមព្រឹក្សា
   ល្វត់ល្វន់ទន់ចរិយា             ម្រាមដូចផ្កាទឹកតាមជ្រោះ  ។      
៨  ស្តេចយាងទតមាត់ទឹក       សូរសន្ធឹកទឹកពិរោះ
   ដូរតន្ត្រីទឹកជ្រោះ                 អារម្មណ៍ស្រស់ផុតមួរហ្មង  ។
៩  ស្តេចយាងក្បង់ទឹកថ្លា        អស់មច្ឆារច្រៀងរំពង
   សៀងស័ព្ទជួនពរទ្រង់          សូមព្រះអង្គគង្គអមតៈ  ។
១០ ស្តេចយាងគង្គម្លប់ជ្រៃ       អស់បក្សីប្រកដជាក់
   រៀបរាប់ធម៌រតនៈ                បារមីជះរិទ្ធលើសគេ   ។
១១ ស្តេចទតអស់សព្វសត្វ     ដោយអំណត់គុណព្រះម៉ែ
   ហ្វូងសត្វផ្សងដង្ហែរ             បានជាខ្សែរការពារទ្រង់  ។
១២ ស្តេចយើងរិទ្ធពិសេស      អំណាចនេះជាប់ព្រះអង្គ
   អោយធម្មជាតិទាំងពួង        អាចទាក់ទងប្រាស្រ័យគ្នា  ។
១៣ ព្រះភ័ក្ត្រទ្រង់ញញឹម        គ្រងបាល័ង្គរាស្ត្រខេមរា
   ផ្តល់ម្លប់កម្ពុជា                   សុខថ្លៃថ្លាស្រស់បវរ   ។
១៤  ព្រះភ័ក្ត្រទ្រង់ម៉ឺងម៉ាត់      សែនអំណត់ស្ម័គ្រស្មោះស
    ដោយទសពិធរាជធម៌        នាំជ័យពរដែនសុវណ្ណភូមិ  ។
១៥  ព្រះភ័ក្ត្រញញឹមជាប់       ទ្រង់ជាម្លប់ដ៏ឧត្តម
   សន្តិភាពសែនមនោរម្យ       រាស្រ្តសុខុមសុខក្សេមក្សាន្ត  ។
១៦ ព្រះភ័ក្ត្រទ្រង់មេត្តា           ធម៌ករុណាសីលជោតញាណ
   បេះដូងក្សត្រទេវឋាន           ព្រះទ័យមាននៅនឹងរាស្ត្រ   ។
១៧ ព្រះភ័ក្ត្រទ្រង់ទន់ភ្លន់        ព្រហ្មបាយ័នប្រៀបតេជៈ
   ដោយធម៌ញញឹមឈ្នះ         សុខទុក្ខរាស្ត្រទ្រង់ជាធំ   ។
១៨ ព្រះភ័ក្ត្រទ្រង់លំទោន        ដោយបារម្មណ៍ខ្លាចរាស្ត្រយំ
    ប្រមើលបួងសួងសុំ             ដែនសុវណ្ណភូមិជុំរុងរឿង   ។
១៩ ព្រះភ័ក្ត្រទ្រង់ថ្លៃថ្លា            រិទ្ធក្សត្រាកម្ពុជាយើង
    លើកយសខ្មែរអោយថ្កើង    អភិវឌ្ឍឡើងប្រាប់សកល   ។
២០ ព្រះភ័ក្ត្រទ្រង់ជាខ្មែរ          ខ្ពស់យសកេរ្តិ៍រាស្ត្រអស់ខ្វល់
   យើងស្រលាញ់ហើយផ្តល់    ត្រាប់មង្គលគោរពណាស់  ។
២១ យើងពិតជឿជាក់ទ្រង់       តាមគន្លងម្លប់ធម៌ឈ្នះ
   ឆព្វណ្ណរង្សីច្បាស់                 ទ្រង់នឹងព្រះគង្គអមតៈ  ៕
     និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

​   

No comments:

Post a Comment