Wednesday, November 5, 2014

ថ្ងៃបុណ្យអុំទូក បទពាក្យ៨ ១៦ ១១ ២០១៣


ថ្ងៃបុណ្យអុំទូកបណ្តែតប្រទីប
ពេលថ្ងៃយើងជាប់រវល់ធ្វើការ
ពេលល្ងាចយើងចេញទៅញុាំអាហារ
យើងញុាំជុំគ្នាជជែកគ្នាលេង

ញុាំស៊ុបបន្លែបង្កងក្តាមស្រស់
ស្ពៃជីខ្ទឹមស្រុសទឹកពុះដូចភ្លេង
យើងញុាំបណ្តើរឌឺដងប្រលែង
ចិត្តអស់ចំបែងភ្លេចការនឿយហត់

ថ្ងៃបុណ្យអុំទូកអកអំបុកថ្មី
យើងសែនសប្បាយប្រទីបលយបត់
បណ្តែតតាមស្ទឹងសៀមរាបប្រាកដ
លយលឿនមិនហត់នាំពរសុខសាន្ត

ថ្ងៃបុណ្យអុំទូកមុខក្រោយផ្សារចាស់
ភ្លើងពរដេដាសដូចសួគ៌ាឋាន
លំអរដងផ្លូវតន្ត្រីបុរាណ
ស្តាប់ហើយរករានសន្តំអារម្មណ៍

ថ្ងៃបុណ្យដើរលេងតាមផ្សាររាត្រី
មនុស្សមនាប្រុសស្រីស្លៀកពាក់សមរម្យ
ទេសចរច្រើនណាស់តែងមកជួបជុំ
ម៉ាសាញុាំនំញុាំស្រាវីស្គី

ថ្ងៃបុណ្យកំសាន្តមើលតាមដងផ្លូវ
មើលយូរៗទៅហាក់ប្លែកជីវី
អារម្មណ៍រំភើបសប្បាយគ្មានពីរ
ពេញមួយរាត្រីបានដោយញញឹម ៕

និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment