១ កំណាព្យកាព្យឃ្លោងអក្សរសិល្ប
លើកយកមន្ទិលបញ្ហាថ្មី
លើកឃ្លាពិរោះបង្គាប់ន័យ
ជួនញាតិប្រុសស្រីពិចារណា ។
២ បណ្តុំសារស័ព្ទទំនោរម្មណ៍
ផុសពីបេះដូងដោយប្រាជ្ញា
លើកយកគំនិតគិតជួយគ្នា
ដាស់មិត្តខេមរាតំលៃជាតិ ។
៣ ដង្ហោយប្រាប់ខ្មែរអោយបានយល់
នូវទុក្ខកង្វល់សណ្តានញាតិ
អោយដាស់តឿនចិត្តមិត្តផ្សេងទៀត
អោយដឹងរបៀបអប់រំខ្លួន ។
៤ កំណាព្យពីរោះរស់រវើក
កវីខ្មែរលើកចំណាប់ចួន
ងាយយល់ងាយចាំត្រាប់តាមក្បួន
លើកជាសំនួនគំនិតល្អ ។
៥ ជួនយំជួនសើចជួនខ្វាយខ្វល់
ឃើញទុក្ខអំពល់កុំនៅឈរ
គេចទៅជៀសទៅកុំបង្ក
កាព្យខ្មែរបវរទ្រទ្រង់អ្នក ។
៦ រៀនអានរៀនគិតរៀនផ្គូផ្គង
កែកំហុសឆ្គងកុំអោយធ្លាក់
ទាន់ក្មេងខំរៀនកុំជំពាក់
គ្រឿងញៀនញ័រញាក់នៅអោយឆ្ងាយ ។
៧ រៀនគិតអោយយល់តំលៃជាតិ
ស្រលាញ់អោយពិតកុំជិនណាយ
ទឹកដីខេមរាល្អឆើតឆាយ
កៀកស្មាចាប់ដៃការពារផង ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment