១ អង្គុយសំកុកមុខស្ទឹងសៀមរាប ក្រោមម្លប់ពោធិ៍ទាបរៀបរាប់ទុក្ខព្រួយ
សំណៅជីវិតដួងចិត្តរញ្ជួយ បេះដូងខ្សឹបខ្សួលយំរំលឹកស្នេហ៍ ។
២ ជំនោរមាត់ស្ទឹងប្រឹងរុញតោងទុក្ខ ហាក់ច្រៀងរំអុកកុំអោយនឹកគេ
ធ្វើម្តេចវាសនាមិនសមមាសមេ ឆ្នាំណាល្ហើយល្ហែរថ្លៃយល់ហឬទ័យ ។
៣ ទ្រូងសែនក្តុកក្តួលចិត្តស្នេហ៍ជ្រួតជ្រាប បេះដូងដុនដាបនឹងបរាជ័យ
ញញឹមជានិច្ចបំបាត់ទុក្ខភ័យ រងចាំមួយថ្ងៃបានស្បើយទុក្ខា ។
៤ រំដួលល្បាប់ថ្មីដីខេត្តសៀមរាប ផ្កាទន្លេសាបរីកស្រស់អស្ចារ្យ
ម្តេចនៅសែនខ្ពស់ហួសឆ្ងាយហត្ថា ខែណាឆ្នាំណាទើបបានថ្នមស្រី ។
៥ បងប៉់ងស្រលាញ់ចិត្តអូនរារែក ផ្កាស្រស់ល្អឯកក្នុងសួនពេជ្រឆ្នៃ
ម្តេចកំណាញ់ខ្លួនម្លេះចរណៃ ផ្កាអើយអភ័យបេះដូងបងផង ។
៦ អង្គុយមាត់ស្ទឹងទន្ទឹងចាំស្នេហ៍ ដួងចិត្តមិនរេផ្កាស្រស់នួនល្អង
ទោះស្ងួនមិនខ្វល់អារម្មណ៍រៀមបង បេះដូងនេះផ្សងនឹងអ្នករហូត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment