១ បញ្ហាជីវិតឋិតនៅបង្កើយ ឧបសគ្គថ្ងៃក្រោយអោយចិត្តទួញយំ
ព្រោះទុក្ខសង្គមទុក្ខធំប៉ុនភ្នំ ប្រជានុភូមិយំប្រាប់អ្នកណា ។
២ ប្រទេសជឿនលឿនកើនច្រើនមនុស្សខូច ពេញផ្លូវធំតូចកែនគរឈ្លោះគ្នា
ខ្លះបង់ជីវិតព្រោះត្បិតពាលា ជក់ល្បែងស្រីស្រាវង្វេងភ្លេចផ្ទះ ។
៣ ចាញ់ល្បែងអស់លុយចិត្តក្តៅក្រហាយ លូចឪពុកម្តាយចង់លេងអោយឈ្នះ
ជីវិតនិងល្បែងតែងនាំអព័្វយស មិត្តអើយជឿចុះកុំធ្វើបែបនេះ ។
៤ ខ្លះចិត្តរឹងរួសហួសអស់ដំបូន ពុកម៉ែប្រាប់ក្បួនផ្លូវល្អត្រិះរិះ
ម្តងហើយម្តងទៀតព្រោះភាពមានៈ នាំហេតុផ្តេសផ្តាសអំពើអបាយ ។
៥ ខ្លះក្លាយជាចោរសង្គមខ្មែរស្អប់ លូចប្លន់សំលាប់តាមដងវិថី
ប៉ូលីសចាប់បានដាក់គុកក្រោមដី ទោសចោរព្រៃផ្សៃគុកមួយជីវិត ។
៦ មិត្តអើយចូរមើលគន្លងផ្លូវល្អ លូចប្លន់អ្នកក្រក្លាយជនឧក្រិដ្ឋ
ជាប់ឃុំព្រៃសទណ្ឌកម្មងងឹត រងទុក្ខកាយពិតដោយអំពើខ្លួន ។
៧ ម្តេចចង់សប្បាយគ្មានបែបបទរស់ ផ្លូវល្អច្រើនណាស់យកធ្វើជាក្បួន
ហាត់រៀនលុតដំចំនេះមាំមួន ធ្វើដូចបងប្អូនពលរដ្ឋខេមរា ។
៨ មិត្តអើយកុំយកស្រាស្រីជាមិត្ត អោបល្បែងឧក្រិដ្ឋទុកក្នុងចិន្តា
ដើរចូលតាមផ្លូវបែបមនុស្សប្ញស្យា លេងស្រីផឹកស្រាមេរោគច្រើនក្រៃ ។
៩ សង្គមមេរោគស្វាយអេដស៍ស៊ីដា វីរុសតណ្ហាបញ្ហាមនុស្សថ្មី
កើតហើយតែងស្លាប់សូន្យបង់រាល់ថ្ងៃ រោគទាន់សម័យគ្មានថ្នាំព្យាបាល ។
១០ កើតអេដស៍អោយស្លាប់ស្គមប្រាណរីងរៃ ឃើញគេប្រិមប្រិយគិតស្តាយបោកក្បាល
ខ្លួនឯងទ្រុតទ្រោមព្រោះដុះខុសថ្នាល អ្នកយល់ដំណាលរស់បានយូរលង់ ។
១១ មិត្តអើយចូរគិតជីវិតថ្លៃថ្នូរ សុខភាពផង់ផូរសង្គមទ្រទ្រង់
ដើរអីផ្លូវខុសគំរូយង់ឃ្នង ធ្វើតាមគន្លងបណ្តាំពុកម៉ែ ។
១២ មិត្តអើយសង្កេតពួកប្រើថ្នាំញៀន កញ្ឆាអាភៀននាំអព័្វយសខ្មែរ
លទ្ធផលពួកនេះមិនដែលល្អទេ ចុងក្រោយតែងតែសូន្យបង់ជីវិត ។
១៣ មិត្តអើយពន្យល់មិត្តអ្នកគ្រប់គ្នា អោយយល់បញ្ហាបណ្តុះគំនិត
លើកស្ទួយកម្ពុជាអោយខ្ពស់យសពិត បំបាត់ឧក្រិដ្ឋបទល្មើសព្រហ្មទណ្ឌ ។
១៤ កៀកស្មាទប់ស្តាត់ពួកចៃសង្គម ដាក់ទោសអោយធ្ងន់ទោះលូចឬប្លន់
សណ្តាប់ធ្នាប់ជាតិប៉ូលីសឧត្តម ជួយគ្នាបង្កើនបូរណៈភាពថ្មី ។
១៥ ចូរពិចារណាទង្វើអោយជាក់ ខុសច្បាប់ត្រូវផ្អាកបញ្ចប់សេចក្តី
កុំបណ្តោយខ្លួនជ្រុលហួសវិន័យ ព្រះពុទ្ធថ្លាថ្លៃជូននិស្ស័យល្អ ។
១៦ លោកបានប្រដៅប្រុសស្រីគ្រប់រូប លូចឆក់ស៊ីសូកខុសផ្លូវអធម៌
ទទួលកម្មខ្លួនកម្មច្រើនតំន លោកសូមអង្វរកុំធ្វើបានទេ ។
១៧ ព្រះពន្យល់ន័យធ្វើល្អបានល្អ ធ្វើបុណ្យស្មោះសស្តាប់ធម៌កែប្រែ
កូនស្តាប់បង្គាប់នាំសុខពុកម៉ែ សងគុណលោកទ្វេពរសុខសួរស្តី ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment