Wednesday, November 5, 2014

​ស្នាមញញឹមព្រះមហាក្សត្រខ្មែរ បទព្រហ្មគិត ០៨ ០៩ ២០១៣


១ ព្រះមហាក្សត្រខ្មែរ            ទេវបុត្រខ្សែរលោហិតហង្ស
   ព្រះភ័ក្ត្រញញឹមទ្រង់          ម្លប់ផូរផង់រាស្ត្រប្រជា ។
២ ព្រះភ័ក្ត្រទ្រង់ញញឹម         គ្រងបាល័ង្គរាស្ត្រខេមរា
   បារមីកម្ពុជា                  សុខថ្លៃថ្លាស្រស់បវរ   ។
៣  ព្រះភ័ក្ត្រទ្រង់ម៉ឺងម៉ាត់      សែនអំណត់ស្ម័គ្រស្មោះស
    ដោយទសពិធរាជធម៌        នាំជ័យពរដែនសុវណ្ណភូមិ  ។
៤  ព្រះភ័ក្ត្រញញឹមជាប់       ទ្រង់ជាម្លប់ដ៏ឧត្តម
   សន្តិភាពសែនមនោរម្យ       រាស្រ្តសុខុមសុខក្សេមក្សាន្ត  ។
៥ ព្រះភ័ក្ត្រទ្រង់មេត្តា           ធម៌ករុណាសីលជោតញាណ
   បេះដូងក្សត្រទេវឋាន           ព្រះទ័យមាននៅនឹងរាស្ត្រ   ។
៦ ព្រះភ័ក្ត្រទ្រង់ទន់ភ្លន់        ព្រហ្មបាយ័នប្រៀបតេជៈ
   ដោយធម៌ញញឹមឈ្នះ         សុខទុក្ខរាស្ត្រទ្រង់ជាធំ   ។
៧ ព្រះភ័ក្ត្រទ្រង់លំទោន        ដោយបារម្មណ៍ខ្លាចរាស្ត្រយំ
    ប្រមើលបួងសួងសុំ             ដែនសុវណ្ណភូមិជុំរុងរឿង   ។
៨ ព្រះភ័ក្ត្រទ្រង់ថ្លៃថ្លា            រិទ្ធក្សត្រាកម្ពុជាយើង
    លើកយសខ្មែរអោយថ្កើង    អភិវឌ្ឍឡើងប្រាប់សកល   ។
៩ ព្រះភ័ក្ត្រទ្រង់ជាខ្មែរ          ខ្ពស់យសកេរ្តិ៍រាស្ត្រអស់ខ្វល់
   យើងស្រលាញ់ហើយផ្តល់    ត្រាប់មង្គលគោរពណាស់  ។
១០ យើងពិតជឿជាក់ទ្រង់       តាមគន្លងម្លប់ធម៌ឈ្នះ
   ឆព្វណ្ណរង្សីច្បាស់                 ទ្រង់នឹងព្រះគង្គអមតៈ  ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី  កវីមាតុភូមិបៃតង

No comments:

Post a Comment