១ ជំនោរត្រជាក់ធ្លាក់មកប៉ើយៗ ល្ហៀកៗល្ហើយៗស្រៀវស្ងើបកាមា
លោមលួងដួងចិិត្តនឹកគិតពុំងា ថ្មើហ្នឹងកន្និដ្ឋានឹកបងរឺទេ ។
២ ជំនោរត្រជាក់ផាត់ប្រលោមកាយ រសើបហឬទ័យរំពៃដល់ស្នេហ៍
ផ្សងជួបមាសស្ងួននឹមនួនមិនរេ នឹកថ្នមបំពេរំដួលក្រពុំ ។
៣ យប់យន់ត្រជាក់ធ្លាក់ល្បាយសន្សើម ភ្លឹកភាំងដង្ហើមមន្តស្នេហ៍មាសម៉ុម
ញញឹមម្ញិកម្ញក់ក្និកក្នក់មុខខ្ញុំ បេះដូងព័ទ្ធជុំដោយរូបស្រស់ស្រី ។
៤ យប់យន់លឿនទៅចិត្តនៅនឹងគ្នា កាយស្រោបជលសារញ្ជួយញ័រភ័យ
ទ្រូងឡើងចំប្រប់ក្រសោបថ្នមបី ជំនោររាត្រីដួងកាយថ្នមចិត្ត ។
៥ យប់យន់លឿនទៅតាមផ្លូវវាសនា ភាសាស្នេហាថ្នមម្ចាស់ជីវិត
លោមលួងបេះដូងក្បែរទ្រូងស្មោះស្និត
លោមកាយវមិត្តដោយខ្យល់ឥសាន្ត ។
៦ ជំនោរត្រជាក់ញ័រភ្ញាក់ព្រឺខ្នង បាត់ឆោមនួនល្អងកាយហាក់ស្រាលស្រាន្ត
កក្តឹកធ្លាក់ខ្យល់ហាក់ស្គាល់សួគ៌ឋាន សុបិន្តរុករានទន់ដៃទន់ជើង ។
៧ ជំនោរត្រជាក់ដាស់ភ្ញាក់កាមា ឆរបោកកាយារោលរាលដូចភ្លើង
ក្តុកក្តួលដួងចិត្តពេលក្រោកភ្លឺឡើង អាសូរបេះដូងអរផងភ័យផង ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment