ក្នុងចិត្តមានអូនលាក់មកជាយូរ
បេះដូងព្រមស៊ូនឹងពាក្យថាខុស
ព្រមធ្វើមនុស្សល្ងង់អោយអូនបន្ទោស
ពាក្យមួយម៉ាត់សោះមិនហ៊ានសារភាព ។
ក្នុងចិត្តដឹងច្បាស់មិនអាចស្រលាញ់
បេះដូងបងវិញទន្ទេញរាប់រៀប
ធ្វើខុសមុខអូនជាមនុស្សតូចទាប
ចិត្តចង់សារភាពភាសាផ្អែមល្ហែម ។
ក្នុងចិត្តព្រមធ្វើមនុស្សល្ងង់នឹងស្រី
អោយអូនថាស្តីកែកាយបន្ថែម
លើកអូនអោយខ្ពស់ពាក្យស្មោះហើយផ្អែម
ពាក្យល្ងង់ល្ហាចល្ហេមភាសាស្នេហា ។
ព្រមធ្វើមនុស្សល្ងង់ក៍ព្រោះចិត្តនេះ
ចង់អោយអូនឈ្នះញញឹមស្រស់ថ្លា
ចង់អោយទាំងអស់ព្រមទាំងប្រាជ្ញា
ក្នុងចិត្តប្រថ្នាពាក្យពេជ្រលោមស្នេហ៍ ។
ព្រមធ្វើទាំងអស់ស្មោះនឹងអូនពិត
ទោះបើក្នុងចិត្តអូនមានតែគេ
បេះដូងបងនេះមិនដែលគេចកែ
ព្រមទទួលស្នេហ៍ឈឺចាប់ម្នាក់ឯង ។
មនុស្សល្ងង់ព្រមឈឺជំងឺស្នេហា
ព្រមទុក្ខវេទនាបេះដូងចំបែង
រងចាំរូបអូនទោះដូចចាំផ្សែង
ចាំអូនវិលវិញទាំងអស់សង្ឃឹម ។
ព្រមធ្វើឆោតល្ងង់អោយអូនរីករាយ
ឃើញស្ងួនសប្បាយចិត្តនេះញញឹម
ស្ងប់ដល់បេះដូងទោះគ្មានសង្ឃឹម
តែចិត្តខំប្រឹងធ្វើល្អរហូត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីអភ័ព្វស្នេហ៍បំពេរបេះដូង
No comments:
Post a Comment