១ ឈរប្របមាត់ស្ទឹង ដួងចិត្តសញ្ជឹង តាមខ្សែរទឹកហូរ
ជំនោរនារតី ស្រោបកាយផង់ផូរ រំលេចផ្កាល្អ
ពណ៌ស្រស់គ្មានប្រៀប ។
២ ខ្នងប្របស្ពានថ្ម សំឡឹងអប្សរ រំដួលសៀមរាប
រីករំសាយក្លិន ក្រពុំជ្រួតជ្រាប នេត្រាឆ្លុះខាប
គួចយកហទ័យ
។
៣ ចិត្តល្អសស្អាត សមរម្យធម្មជាតិ ឆើតទាន់សម័យ
សុភាពស្លូតត្រង់ ញញឹមមានន័យ បេះដូងភក្តី
បងលួចលាក់ស្នេហ៏ ។
៤ ឃើញភ្លាមរញ្ជួយ ស្ញើបបេះដូងមួយ ឆ្លាក់រូបដួងខែ
ថ្ពាល់ខួចទាំងសង ទ្រួងពើងឡើងទ្វេ គួរគយគន់ថែរ
ថ្នមនឹងច្រមុះ ។
៥ ចិញ្ចើមកោងស្រួច ថ្ពាល់រលោងដូច ទន្លប់ទុំជ្រុះ
សាច់សម៉ត់ខៃ ប្រៀបផ្ទៃទឹកផុស រំដួលដីដុះ
មាត់ស្ទឹងសៀមរាប ។
៦ ឃើញហើយរែងគិត ក្រេបផ្សើមដួងចិត្ត រស់ក្លិនអោយជ្រាប
អោបថែរក្បែរទ្រូង រយម៉ឺនសារភាព រំដួលទឹកសាប
ម្ចាស់ចិត្តបងអើយ ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment