១ ប្រវត្តិយូរលង់ប្រាសាទថ្ម រូបឆោមលោមពណ៌ល្អដូចមាស
ក្បាច់ក្បូរពេនពន់ពេជ្រត្បូងពាស សោភណ្ឌ័ឆើតណាស់លើគីរី ។
២ ប្រាង្គថ្មសន្ធឹងកាត់ព្រៃធំ ផ្តេកខ្លួនឡើងភ្នំកុមផ្កាភ្ញី
អមដោយស្តេចនាគគូរឈ្មោលញី ព្រួសភ្លើងវាតទីក្រាលថ្មប្រាក់ ។
៣ ដងផ្លូវអប្សារារាំជូនពណ៌ បាចផ្កាជ័យធម៌ញញឹមជាក់
អំណាចទ័ពខ្មែរពលស្តេចនាគ បារម្មីតេជះកំផែងមាំ ។
៤ សម្បត្តិល្អពិតក្បាច់រចនា ប្រាង្គព្រះវិហារនាខ្នងភ្នំ
ជួបគ្រោះមហន្តរាយទុក្ខក្រៀមក្រំ ប្រេះស្រាំខ្ទេចខ្ទាំទ្រាំញញឹម ។
៥ ភ្លៀងផ្គររន្ទះព្យុះខ្យល់ធំ ហូរកាត់ស្រោចហ៊ុំខំបានត្រឹម
រងការឈឺចាប់អស់សង្ឃឹម ប្រាង្គថ្មសញ្ជឹងដង្ហោយជួយ ។
៦ ដងខ្លួនប្រេះបែកជាំជាខ្មៅ ចោរព្រៃចិត្តខ្លៅនៅមុខក្រោយ
ដាប់អារគាស់កាច់ក្បាច់អោយម៉ូយ ឈាមហូរស្រោចហើយជោគធរណី ។
៧ គាស់អស់ចំលាក់ឆ្លាក់លឹបលៀន តោខ្លាហនុមាណប្រាណប្រថពី
រូបព្រះបូជាព្រហ្មគីរី
មហិទ្ធិឬទ្ធិគ្មានទីបញ្ចប់ឡើយ ។
៨ ប្រាង្គថ្មស្រែកយំអង្វរគេ ក្សឹបក្សួលប្រាប់ខ្មែរខ្មែរម្ចាស់អើយ
រៀបរាប់ទុក្ខសោកពាន់ឆ្នាំហើយ ទឹកភ្នែកឥតស្បើយក្លាយជាឈាម ។
៩ ប្រាង្គប្រាប់អស់ខ្មែរស្នេហាពិត ដោយទឹកជលនេត្រឆ្អែតក្រំក្រៀម
ផ្តាំពលខេមរាកុំនៅស្ងៀម ចោរព្រៃបៀតបៀនបេះដូងជាតិ ។
១០ ចោរប្រើសំដីក្លាយអាវុធ បាញ់បោះប្រយុទ្ធក្បត់ផងញាតិ
មហិច្ឆិតាលោភលន់ផ្ចង់សារធាតុ ទាយាទខ្លៅឃាតករវប្បធម៌ ។
១១ ចោរប្រើអាវុធដ៍ទំនើប បាញ់អោយរបើកខ្ចើកផ្ទាំងថ្ម
កាយស្រោចដោយឈាមញញឹមឈរ សំពះអង្វរល្មមឈប់ហើយ ។
១២ រាង្គកាយបាក់បែកទ្រាំទាំងឈឺ ហៅគេមិនលឺព្រឺអោបក្នើយ
ដំបៅរាំរ៉ៃខ្ទុះហូរហើយ អន្តរជាតិអើយគិតយ៉ាងណា ។
១៣ សម្បត្តិវប្បធម៌ពិភពលោក ត្រូវរងទុក្ខសោកថោកវេទនា
ចោរព្រៃឈ្លានពានប្រាង្គជរា ដល់ថ្ងៃមរណារឺទើបឈប់ ។
១៤ សម្បត្តិវប្បធម៌ពិភពលោក ដូនតាធ្វើមកជ្រកក្រោមម្លប់
ស្នាដៃវីរក្សត្រខ្មែរសាយសព្វ កម្ពុរាជទ័ពត្រូវការពារ ។
១៥ សម្បត្តិវប្បធម៌អច្ឆរិយ: ខ្មែរត្រូវចាំជាក់ដាស់ខេមរា
ស្មារតីតែមួយស្មាកៀកស្មា ដេញខ្មាំងឬស្យាខ្លៅអប្រិយ ។
១៦ ប្រាង្គព្រះវិហារដ៍មហាសាល ខ្មែរគ្រប់រជ្ជកាលក្រាលអោយថ្មី
សម្បត្តិគ្មានពីរលើលោកី កេរ្តិ៍ ខ្មែរប្រុសស្រីដូចបេះដូង
៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង
ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment