១ ឈរលើខ្នងភ្នំសំឡឹងឆ្ងាយ មើលឃើញព្រឹក្សព្រៃមហាធំធេង
ជំនោរឥសាន្តកាត់វាលវេង ល្ហៀកល្ហើយកើយគេងអស់ធម្មជាតិ ។
២ ជំនោរនាំយកនូវក្លិនស្រូវ ក្រអូបភាយទៅនៅមិនឃ្លាត
សណ្តំបេះដូងបរិសុទ្ធស្អាត ខ្នងភ្នំតុសិតពិតមនោរម្យ ។
៣ ព្រឹក្សព្រៃស្ងប់ស្ងៀមភ្លឹកនឹកភ្លក នាសាស្រូបយកក្លិនមាសម៉ុម
រំដួលដងស្ទឹងស្រស់ក្រពុំ ក្បាលស្ពានខ្នងភ្នំម្ចាស់វាសនា ។
៤ លូចមើលនាងដើរសងខាងផ្លូវ អស់មនុស្សស្ងៀមនៅផ្ចង់នេត្រា
ស្រម័យឃើញបានកាន់ហត្ថា កៀកកើយកាយាស្រស់វល័ក្ខ ។
៥ មើលកាយមើលចិត្តតាមទៅមក តាមទូកពួនជ្រកម្លប់ដើមម្កាក់
នាងអុំទូកលេងក្បង់ទឹកធ្លាក់ ដងស្ទឹងត្រជាក់លាក់នឹមនួន ។
៦ ជិះឡានតាមទូកទល់កំពង់ ផ្កាព្រៃជំទង់ភ័យបាំងខ្លួន
ភ្នំបូកក្បាលស្ពានលួចមើលស្ងួន ងូតទឹកបែរខ្នងពង់ក្រមា ។
៧ ភ្នែកប្រឹងសំឡឹងផ្ចង់នឹកគិត នែបនិតកាយពិតល្អយ៉ាងណា
ចង់កើតជាទឹកស្ទឹងដ៏ថ្លា នាងហែលផ្កាប់ផ្ងារាល់ៗថ្ងៃ ។
៨ ជាតិនេះផ្សងជួបរំដួលផ្កា ស្ទឹងអើយមេត្តាប្រាប់ចរណៃ
ជួយលោមចិត្តម៉ុមកុំបីភ័យ ថ្នមចិត្តកាយស្រីមិនអោយហ្មង ។
៩ ជាតិនេះផ្សងរស់ក្បែររំដួល សូមចិត្តនិមលប្រណីផង
ស្ទឹងត្រជាក់អើយជួយចងក្រង ផ្តាំម្ចាស់បេះដូងកុំជ្រើសគេ ។
១០ ជាតិនេះកើតមកពេញចិត្តថ្លៃ បាគងលរលៃកុំបីប្រែ
ស្ទឹងអើយកុំរីងចោលក្លិនស្នេហ៍ ស្ម័ក្រស្លាប់មើលថែររំដួលផ្កា ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment