Thursday, November 6, 2014

ក្តីបារម្មណ៍អ្នកម្តាយ បទព្រហ្មគីតិ ២៦ ១២ ២០០៨


  កូនអើយកូនមាសម្តាយ           នៅក្នុងផ្ទៃគេងអោយស្កប់
   កុំព្រួយម្តាយគេងអោប              លោមថ្នមថើបមិនអោយហ្មង  ។

២  កូនអើយកូនសំណប់              សម្បត្តិទ្រព្យពៅនួនល្អង
   កូនម៉ែត្រាប់គន្លង                     ម្តាយទ្រាំរងរាល់អ្វី ៗ  ។

៣  កូនអើយម្តាយការពារ             តមអាហារនំចំណី
   ធ្វើត្រាប់តាមវិន័យ                    ខ្លាចកូនថ្លៃរងទុក្ខទោស  ។

៤  ពេលញ៉ាំពេលគេងទៅ            ទុក្ខហ្មងសៅព្រោះសណ្តោស
   អារម្មណ៍កូនម្តាយនោះ             រងរបួសព្រោះតែម៉ែ   ។

៥  រាល់ថ្ងៃម្តាយគេងគិត              នឹករូបពិតកូនមាសស្នេហ៍
   សុខទុក្ខកូនម្តេចដែរ                 ក្នុងពោះម៉ែនឹងយ៉ាងណា  ។

៦  កូនអើយពិភពលោក              កូនកើតមកស្រស់អស្ចារ្យ
   ចិត្តម្តាយស៊ូវេទនា                   ព្រមគ្រាំគ្រាដើម្បីកូន  ។

៧  ទោះទុក្ខកើនឡើងទ្វេ             ម្តាយនឹងថែរថ្នមមាសស្ងួន
   មិនអោយអ្វីរុកគួន                  ព្រោះនឹមនួនម្តាយលំបាក  ។

៨  អ្នកម្តាយតែងបារម្មណ៍           តូចដល់ធំឥតស្រាន្តស្រាក
   ខ្លាចគូនម៉ែតោកយ៉ាក             រស់គ្រោតគ្រាតមិនឆ្លាតវៃ  ។

៩  ម្តាយខំរកគ្រប់សព្វ               មកបង្រ្គប់ជួនកូនថ្លៃ
   សិក្សារៀនលកលៃ                 ខ្វះខាតក្តីខាំមាត់រស់  ។

១០ ខ្លាចកូនត្រាប់មិនល្អ            ខុសផ្លូវធម៌ធ្លាក់ក្នុងជ្រោះ
   សូមកូនដើរតាមមនុស្ស          មានកិត្តិយសស្រស់ថ្លៃថ្លា  ។

១១ កុំរៀនត្រាប់ពាក្យជេ            នាំអ័ពកេរ្តិ៍ពូជគ្រួសារ
   គន្លងល្អដូនតា                     កូនអើយណាកុំបីហ្មង  ។

១២ កូនល្អម្តាយផុតព្រួយ         កូនម៉ែមួយចូរស្មោះត្រង់
   ច្បាប់ក្បួនលោកតម្រង់          កូនកុំឆ្គងប្រពៃណី  ។

១៣ ម្តាយចង់ឃើញកូនល្អ       សុខបវរក្នុងលោកី
   សូមកូនផុតទុក្ខភ័យ             កម្មរាល់ថ្ងៃម្តាយទទួល  ។

១៤ កូនអើយយល់ចិត្តម៉ែ         លើកខ្ពស់កេរ្តិ៍ទុក្ខជាន់ដួល
   ផលល្អកុំបោះចោល             កុំដេញដោលរឿងគ្មានការ  ។

១៥ កូនអើយកូនម៉ែមួយ          កុំនាំព្រួយអោយម៉ែណា   
   ទុក្ខទោសល្បែងស្រីស្រា        អ័ពយសាពូជខ្មែរល្អ  ។

១៦ កូនអើយម៉ែបារម្មណ៍         ម៉ែលូចយំកូនឃ្លាតធម៌
   ទណ្ឌកម្មខ្មៅលាយស           កុំបីឈរកៀកពេកកូន  ៕                         
   
   និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment