១ ព្រលឹមថ្ងៃរះ ខ្ញុំចេញពីផ្ទះ ទៅស្រែខាងត្បូង
ស្មាស្ពាយទ្រុងត្រី ក្នុងដៃទីងណោង កង្វារខ្វាតោង
រកក្តាមកង្កែប ។
២ ចេញផុតពីផ្ទះ ខ្ញុំដើររួតរះ តាមដងព្រៃអែប
ច្រៀងលេងកំសាន្ត ឥតមានអលឯក ដល់ផ្លូវបំបែក
ទីណាត់ជួបម៉ុម ។
៣ យើងដើរត្រសង រកចាប់ក្តាមខ្យង ក្នុងទឹកត្រីកុម
ខែប្រាំងឆ្នាំនេះ អូនពេញក្រមុំ ក្លិនស្រែស្រូវទុំ
ក្រអូបម្លេះទេ ។
៤ អូនដើរក្រោយបង ភ្នែកមូលក្រឡង់ មើលតាមភ្លឺស្រែ
ឃើញរន្ធក្តាមក្រូង តោងខ្វាមកក្បែរ បានក្តាមស្រង៉ែរ
និងកង្កែបអូក ។
៥ ងាកស្តាំបានឆ្វេង រន្ធគ្រប់កន្លែង រកបានគគោក
អូនដើរចូលស្រែរ ហូរហែរដោយថ្លុក អូនហៅបងមក
ចាប់ត្រីទាំងអស់ ។
៦ ក្នុងទឹកថ្លុកតូច ត្រីផ្លៀកលោតផ្លោត អូនញញឹមស្រស់
ចាប់ត្រីអន្តែង បងក្លែងភ្លេចឈ្មោះ អោយអូនទាយចុះ
អោនខ្សិបប្រាប់បង ។
៧ ឃើញភ្លាមត្រីទក់ អូនស្រែកមើលនោះ អូនស្ទុះមកត្រង
ខ្លាចប្រឡាក់ស្ងួន បងដាក់ថ្នមៗ ចាប់អន្ទង់ក្បង់
ដាក់ចូលអោយល្អ ។
៨ បងរាវទៅប៉ះ ត្រីក្រាញ់លោតផ្លោះ បុកដៃបងទ្រ
ក្តោបយ៉ាងប្រយ័ត្ន ខ្លាចមុតឆ្អឹងក មាត់ក្រាញ់ចំហរ
ត្រដរមិនរួច ។
៩ អូនស្រែកថាអូយ សត្វឈ្លើងឡើងហើយ អូនសែនព្រឺព្រួច
យកវាចេញទៅ យឺតយាធំតូច បងអើយទៀតសោត
ងាយស្រួលចាប់ផង ។
១០ រាវប៉ះត្រីស្លូញ
ក្បាលតូចស្រលោន ត្រសុលគេចបង
រាវចាប់អោយអស់ ត្រីរ៉ស់កំភ្លង កំពឹសក្តាមខ្យង
ពីផ្លុកទឹករីង ។
១១ ឃើញច្រើនអញ្ចឹង បងខំសំឡឹង ក្រែងមានថ្លុកផ្សេង
អូនថាបានហើយ ថ្ងៃត្រង់ក្តៅហែង ទៅផ្ទះសំបែង
ម៉ែចាំមើលផ្លូវ ។
១២ អូនថាថ្ងៃនេះ
សប្បាយខ្លាំងណាស់ រកត្រីក្នុងស្រូវ
យើងជជែកលេង ច្រៀងលេងតាមផ្លូវ ក្នុងចិត្តស្រីពៅ
ផ្សងមកម្តងទៀត
។
១៣ ក្នុងទឹកមានត្រី
មានមាសក្នុងដី សត្វព្រៃធម្មជាតិ
ដងភ្នំជ្រោះអូរ ថ្ងួចថ្ងូរផ្តាំញាតិ ផ្តាំខ្មែរផ្សេងទៀត
កុំបីភ្លេចខ្លួន ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment