Monday, November 3, 2014

ភ្ជុំបិណ្ឌសាមគ្គីនាវត្តចន្លោង បទពាក្យ៨ ២៩ ០៩ ២០១៣


  ភ្ជុំបិណ្ឌវេនដប់នាវត្តចន្លោង         បុគ្គលិកបេះដូងមន្ទីរពេទ្យយើង
  បុណ្យភ្ជុំសាមគ្គីមូលមីរធំឡើង        រួបរួមថ្កានថ្កើងគន្លងសាសនា  ។
២  ភ្ជុំបិណ្ឌវេនដប់ចន្លោងវត្តឆ្ងាយ    ញញឹមរីករាយទទួលខេមរា
   អស់ពុទ្ធបរិស័ទមានចិត្តជ្រះថ្លា      រួមសាមគ្គីគ្នាទទួលជោគផល  ។
៣  ភ្ជុំបិណ្ឌវេនដប់យើងជួបជុំមិត្ត     មិត្តឆ្ងាយមិត្តជិតស្វែលរកកុសល
   ញញឹមមើលគ្នារាក់ទាក់គ្មានខ្វល់   បាយម្ហូបបានដល់ញាតិផៅសណ្តាន  ។
៤  ភ្ជុំបិណ្ឌវេនដប់បាយម្ហូបបរិបូរណ៍  មិត្តភាពគំរូ​ទទួលទានបាន
  សូមអោយដល់ញាតិប្រាំពីរសណ្តាន   កុំបីនៅឃ្លានរួចផុតអាវីចី  ។
៥  ភ្ជុំបិណ្ឌវេនដប់បង្អែមម្ហូបឆ្ងាញ់     ក្នុងចិត្តទន្ទេញឧទ្ទិសនិស្ស័យ
  សូមបានបុណ្យល្អជូនមនុស្សប្រុសស្រី  ក្នុងឋានទាំងបីកុំឡើយជួបកម្ម  ។
៦  ភ្ជុំបិណ្ឌវេនដប់គ្រប់គ្នាញញឹម     សាងសីលធ្វើបុណ្យរៀងរាល់ខែឆ្នាំ
   សាងទានមនុស្សធម៌បវរប្រចាំ      និស្ស័យព្រះនាំនាំចិត្តអោយស្ងប់  ។
៧  ភ្ជុំបិណ្ឌវេនដប់ល្ងាចយប់ព្រលឹម  ស្តាប់ធម៌សង្ឃឹមថ្លាជ្រះសាយសព្វ
   ធម្មទានទេសនាត្រាយផ្លូវយើងជួប  មនុស្សល្អពីគ្រប់ទិសទាំប្រាំបី  ។
៨  ភ្ជុំបិណ្ឌវេនដប់បង្គ្រប់ផល្លា       មិត្តរួមការងារសាងធម៌វិន័យ
   មានព្រះក្នុងចិត្តជីវិតប្រពៃ          ថ្ងៃនេះស្អែកថ្មីសូមសុខដ៏រាប   ។
៩  ភ្ជុំបិណ្ឌវេនដប់នាវត្តចន្លោង      ព្រះធម៌យិតយោងការពារយើងស្រាប់
   សូមចិត្តបរិសុទ្ធកុំបីឱនអ័ព        សូមគ្រប់គ្នាជួបពរទាំងបួនយ៉ាង  ។
១០ ភ្ជុំបិណ្ឌវេនដប់ជួបពរត្រឹមត្រូវ  ព្រះធម៌ត្រាយផ្លូវផ្លូវល្អយើងសាង
   អាយុវណ្ណៈសុខៈភ្លឺស្វាង          ពលៈខ្លាំងហានមានតកូនចៅ   ៕
      និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment