១ យើងកើតជាខ្មែរពូជអ្នកខ្លាំង អ្នកប្រាជ្ញអ្នកច្បាំងការពារជាតិ
ប្រាង្គប្រាអង្គរបង្ហាញញាតិ ប្រាប់ខ្មែរផ្សេងទៀតអោយបានដឹង ។
២ ប្រាជ្ញខ្លាំងខ្លាំងគិតខ្លាំងកសាង អភិវឌ្ឍន៍ថ្កើងថ្កានមិននៅទ្រឹង
កើតស្លាប់ជាខ្មែរចិត្តសញ្ជឹង ខំឈរអោយរឹងពាំងសត្រូវ ។
កើតស្លាប់ជាខ្មែរចិត្តសញ្ជឹង ខំឈរអោយរឹងពាំងសត្រូវ ។
៣ ខ្មែរអើយដួងចិត្តសែនក្តុកក្តួល ប្រាង្គថ្មដេកដួលពាសពេញផ្លូវ
ជ្រុះធ្លាក់បាក់បែករាល់រដូវ ពុកផុយហួសទៅគ្មានអ្នកថែរ ។
៤ ឃើញហើយដួងចិត្តសែនសង្វេគ ស្រណោះពន់ពេកមរតកកេរ្តិ៍
តោថ្មទួញយំថ្ងូរប្រាប់ខ្មែរ ទឹកភ្នែកឥតល្ហែនាយសមុទ្រ ។
៥ តោថ្មឃ្លាតឆ្ងាយភូមិកំណើត បងប្អូនបង្កើតទ្រូងអើយស្លុត
ទឹកភ្នែកតោហូរក្តៅដូចដុត កាត់ថ្មបរិសុទ្ធបែកពុកផុយ ។
៦ តោថ្មរត់គេចព្រោះមនុស្សពាល ដាប់ដុតគាស់ឆ្គៀលដោយល្មោភលុយ
កាមៈទោសៈពុករលួយ ចិត្តអើយសែនព្រួយសែនឈឺណាស់ ។
៧ តោថ្មបាក់ជើងរបួសធ្ងន់ ព្រោះអ្នករត់ពន់ថ្មីក្មេងចាស់
លក់អោយចោរព្រៃមុនថ្ងៃរះ អោយតោព្រាត់ប្រាស់ដែនសុវណ្ណភូមិ ។
៨ តោអើយអើយតោរត់ដល់ណា តោអើយអនិចារប្រាង្គថ្មធំ
ចាំអ្នកក្នុងព្រៃស្ងាត់ជ្រងំ ចិត្តអើយទួញយំសូមវិលវិញ ។
៩ តោនៅទីឆ្ងាយនឹកភូមិស្រុក នឹកព្រៃអូរថ្លុកសែនទោម្នេញ
ថ្ងៃណាខ្មែរឈប់ដោះដូរទិញ មរតកទំនិញតំណែលជាតិ ។
១០ តោថ្មនៅឆ្ងាយចង់មករស់ ការពារអូរជ្រោះខ្មែរតទៀត
កសាងអនាចក្រសន្តិភាព ប្រាប់ខ្មែរថាជាតិជាជីវិតអ្នក ។
១១ យើងកើតមកហើយឈាមជ័រខ្មែរ កើតស្លាប់ជាខ្មែរស្មាកៀកស្រាក់
ជីវិតយើងមួយចិត្តមិនរាជាក់ កុំអោយខ្មែរធ្លាក់ទាសករខ្លៅ ។
១២ យើងធំចាស់ស្លាប់លើធរណី ប្រាប់ខ្មែរប្រុសស្រីជាកូនចៅ
មហាទុក្ខតោថ្មបារម្មណ៍នៅ ស្លាប់មែនចិត្តដៅជាប់នឹងជាតិ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment