១ យើងកើតជាតិនេះ ស្វែងរកចំណេះ ជួយរាល់រាស្ត្រខ្មែរ
យើងម្នាក់ជួយម្នាក់ ស្មាស្រាក់ជាខ្សែរ ចិត្តស្មោះមិនរេ
មិនក្បត់ជាតិឯង ។
២ យើងកើតជាតិនេះ គំនិតត្រិះរិះ មិនអោយវង្វេង
វប្បធម៌ដ៏ទៃ ប្រៀបបានជាផ្សែង កុំបីហួងហែង
លំអខ្លួនអ្នក ។
៣ យើងកើតជាខ្មែរ ការពារមើលថែ សម្បត្តិអមតៈ
ប្រពៃណីជាតិ ញាតិផងរាក់ទាក់ យើងរស់រួមរក្ស
កម្ពុជាបៃតង ។
៤ យើងរស់ជាតិនេះ កុំបីគេចវេះ កាតព្វកិច្ចច្បង
សម្បត្តិវប្បធម៌ ដែលល្អផូរផង់ រក្សាអោយគង់
ជាប្រយោជន៍ជាតិ ។
៥ យើងរស់ជាខ្មែរ ដូនតាទុកកេរ្តិ៍ សម្បត្តិព្រោងព្រាត
ប្រាង្គប្រាសាទថ្ម ព្រឹក្សព្រៃធម្មជាតិ ចិញ្ចឹមផងញាតិ
ថែមផ្តាំកុំធ្វេស ។
៦ យើងរស់ជាខ្មែរ ស្នាមញញឹមខ្មែរ កិត្តិយសពិសេស
ក្រោមម្លប់ត្រជាក់ មហាក្សត្រអង្គនេះ យើងថ្វាយពរឈ្នះ
ទសពិធរាជធម៌ ។
៧ យើងកើតជាខ្មែរ យើងរស់ជាខ្មែរ កម្ពុជាបវរ
យើងស្រលាញ់ជាតិ ដោយចិត្តស្មោះស យើងរស់ត្រេកអរ
ដោយជាតិរុងរឿង ។
៨ យើងរស់ជាខ្មែរ យើងស្លាប់ក៍ខ្មែរ កម្ពុជាមាសលឿង
មាសសុទ្ធមិនខ្លាច ទោះភ្លើងខ្លាំងឡើង ស្មាកៀកទ្រូងពើង
សមរភូមិអភិវឌ្ឍ ។
៩ យើងកើតរស់ស្លាប់ មើលខ្មែរអោយសព្វ ម៉ឺងម៉ាត់ប្រាកដ
កុំបីភ្លេចខ្លួន ក្រុងរឺជនបទ រាស្ត្រខ្មែរនឹងស្លុត
ពេលទ្រព្យបាត់បង់ ។
១០
យើងខ្មែរថែជាតិ ឈមជ័ររាស្ត្រក្សត្រ
រួមរក្សអោយគង់
ស្មាកៀកស្មាគ្នា ឈរខ្លួនអោយត្រង់ ការពារអោយមាំ
ជាជាតិគំរូ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី កវីមាតុភូមិបៃតង
No comments:
Post a Comment