ខ្មែរអើយអើយខ្មែរ
កុំចាញ់បោកគេ គ្រូធ្មុបកាមគុន
កាលបើអ្នកឈឺ ជំងឺស្រាលធ្ងន់ កុំបីបន់ស្រន់
ក្រែងធ្ងន់លើសដើម ។
ខ្មែរអើយអើយខ្មែរ
ជាគ្រូពេទ្យដែរ កុំអោយខ្មែរខ្ពើម
ក្រែងខ្មែរលោកស្អប់
ល្មោភទ្រព្យលុយហើម ពេទ្យអើយសូមផ្តើម
ជាគ្រូពេទ្យល្អ ។
ខ្មែរអើយអើយខ្មែរ
កុំផ្គើនពេទ្យខ្មែរ ឃើញគេបវរ
កុំអាងមានលុយ លុយលុបសីលធម៌ អាសន្នគ្រាក្រ
ខ្មែរទេជួយខ្មែរ ។
ខ្មែរអើយកូនខ្មែរ
អ្នកឈឺក៍ខ្មែរ គ្រូពេទ្យក៍ខ្មែរ
កុំគេងទ្រព្យធន
លោភលន់ទ្រព្យគេ ត្រកូលយើងខ្មែរ
ពូជខ្មែរដូចគ្នា ។
ខ្មែរអើយកូនខ្មែរ
ចេះតិចតួចទេ កុំបីមហិមា
មិនត្រូវជចេស
រឹងរួសហួសងារ ល្ងង់ខ្លះទៅណា
ក្រែងយល់បានច្រើន ។
ពេទ្យអើយពេទ្យល្អ
កុំអាងដុកទ័រ សមត្ថភាពមិនកើន
មិនស្រាវជ្រាវថ្មី
ឈ្លាសវៃចំរើន ក្រែងជំងឺផ្គើន
អោយបរាជ័យ ។
ខ្មែរល្អពេទ្យល្អ
សុខភាពខ្មែរល្អ សង្គមយើងល្បី
ខ្មែររៀនបានខ្ពស់
កើនយសមន្រ្តី ជួយជាតិរាល់ថ្ងៃ
កុំមានធ្វេសឡើយ ។
ពេទ្យអើយពេទ្យល្អ
កុំបីជាន់ក អធម៌ជាក្នើយ
សីលធម៌គ្រូពេទ្យ
កុំបីព្រងើយ ក្រែងស្លាប់ទៅហើយ
នៅយសអ្នកជា ។
ពេទ្យអើយពេទ្យល្អ
ទោះស្លាប់ទៅក្រ កិត្តិយសការងារ
កុំស្អុយអសោច
ដូចខ្មោចពាលា គួរពិចារណា
ប្រជ្ញាកំហុស ។
ពេទ្យអើយពេទ្យល្អ ទោះកើតមកក្រ ជីវិតត្រូវរស់
កុំបីរើសអើង
យើងខ្មែរទាំងអស់ ខ្មែរអើយរៀនរស់
ជួយគ្នាផងណា ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment