១ ភ្នំពេញកោះកុង តាមរថយន្តក្រុង ជ្រៀកពុះព្រឹក្សា
ឆ្លងកាត់ធម្មជាតិ ជួរភ្នំបុព្វតា ទេសភាពកម្ពុជា
បៃតងស្អាតណាស់ ។
២ ភ្នំពេញកោះកុង តាមរថយន្តក្រុង ឃើញភ្នំស្អេកស្កះ
រថយន្តសរសៀរ ឆ្លងព្រៃដ៏ក្រាស់ ភូមិឋានថ្មីចាស់
ពណ៌ចាំងដូចពេជ្រ ។
៣ ភ្នំពេញកោះកុង តាមរថយន្តក្រុង ឆ្លងដល់កោះស្តេច
ឆ្នេរសមុទ្រខ្មែរ ទឹកថ្លាឆ្លុះខ្សាច់ ទេសភាពល្អផ្តាច់
នៅលើលោកា ។
៤ ភ្នំពេញកោះស្តេច ឆ្នេរស្រស់រំលេច ទេសភាពជលសារ
រថយន្តឆ្លងភ្នំ ឃើញកោះនានា ប៉ងភ្ជាប់កាយា
មកដែនសុវណ្ណភូមិ ។
៥ ភ្នំពេញកោះស្តេច ឆ្នេរកោះរំលេច រលកពូនផ្តុំ
រលេញកៀកកិត សៀងស័ព្ទរណ្តំ ប្រៀបតន្រ្តីភូមិ
ស្វាគមន៍ទេសចរ ។
៦ ភ្នំពេញកោះស្តេច ពន្លឺដូចពេជ្រ ចាំងភ្លែកសែនល្អ
រលករលេញ ដេញតាមទេសចរ សំលេងអ៊ូរអរ
ប្របឆ្នេរខ្សាច់មាស ។
៧ ភ្នំពេញកោះស្តេច សាគរពណ៌ពេជ្រ ជំនោរសាយជះ
ស្រោបកាយបរិសុទ្ធ ម្លប់ដូងប៉ប្រះ លោមលួងអោយផ្លាស់
ស្រស់ស្រាយអារម្មណ៍ ។
៨ ភ្នំពេញកោះស្តេច កំសាន្តឆ្នេរខ្សាច់ ធម្មជាតិប្របភ្នំ
ថ្មប៉ប្រះទឹក មច្ឆាររេរាំ កៀងគរស្វាគមន៍
ទេសចរឆ្ងាយជិត ។
៩ កោះស្តេចសាគរ ឆ្លងតាមអូបរ កោះនៅកៀកកិត
កោះងើបហួសទឹក ហាក់នឹកដល់មិត្ត មើលទៅសែនជិត
មិនឆ្ងាយឡើយណា ។
១០ កោះស្តេចសាគរ
ឆ្លងតាមអូបរ រំភើបចិន្តា
កាត់រលកទឹក
ស្រូបខ្យល់ជលសារ មើលក្រោយកាលណា
ឃើញឆ្នេរបៃតង ។
១១ កោះស្តេចធម្មជាតិ កោះធំពុះជ្រៀត ជលសារថ្លាយ៉ង់
ក្រោមម្លប់ព្រឹក្សា ផ្កាព្រៃផូរផង់ ក្រម៉ុមភូមិផង
រីកលំអរកោះ ។
១២ កោះស្តេចកោះស្នេហ៍ កំសាន្តតាមឆ្នេរ រំដួលផ្កាភ្លោះ
ផ្ការីកញញឹម សាយមន្តសម្រស់ រំដួលដីកោះ
ឈ្មោះពីរោះក្រៃ ។
១៣ កោះស្តេចដួងចិត្ត កោះលាក់វមិត្ត ក្នុងចិត្តកវី
កោះលួចបេះដូង អោយស្លុងស្មារតី រំដួលកោះថ្មី
ក្រអូបម្លេះណា ។
១៤ កោះស្តេចកោះស្នេហ៍ ផ្ការីកតាមឆ្នេរ ក្លិនជាប់នាសារ
ចងពង់ងូតទឹក គ្របស្បៃក្រមា ឃើញសាច់ម៉ត់ថ្លា
ឱរ៉ាក្តុកក្តួល ។
១៥ កោះស្តេចលោមស្នេហ៍ ផ្កាសមុទ្រខ្មែរ តោងចិត្តឆាបឆួល
បេះដូងរន្ធត់ ប្រតិព័ទ្ធហាក់ដួល សុដន់ក្លមមូល
ប្រៀបកោះទ្វេរហា ។
១៦ កោះស្តេចលោមស្នេហ៍ ឆ្នេរសមុទ្រខ្មែរ ប្រៀបកោះសួគា៌
ដែនដីសុវណ្ណភូមិ សុខដុមរមនា ទេសចរជលសារ
លង់ស្នេហ៍អ្នកហើយ ។
១៧ កោះស្តេចកម្ពុជា ទឹកដីខេមរា
អមតៈរៀងអើយ
ខ្មែរមិនចោលកោះ កោះនៅកៀកកើយ
កោះនៅឆ្លងឆ្លើយ
កម្ពុជាអច្ឆរិយៈ ៕
និពន្ធ
និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមាតុភូមិបៃតងកម្ពុជា
No comments:
Post a Comment