មន្ទីរពេទ្យកុមារអង្គរ បេះដូងមនុស្សធម៌ជួយកូនខ្មែរ
ពិនិត្យព្យាបាលសង្គ្រោះថែ ចិត្តស្ងប់គ្មានប្រែថែមក្លាហាន ។
មន្ទីរពេទ្យកុមារអង្គរ បេះដូងមនុស្សធម៌គ្មានឡើយខាន
ព្យាបាលរោគារុករានប្រាណ អោយស្បើយសុខសាន្តប្រាជ្ញនិងកាយ ។
មន្ទីរពេទ្យកុមារអង្គរ បុណ្យផ្កាមនុស្សធម៌ចិត្តរីករាយ
សាបព្រុសបេះដូងព្រមហឬទ័យ ជាទានបច្ច័យជួយអ្នកក្សត់ ។
មន្ទីរពេទ្យកុមារអង្គរ គឺមានជួយក្រទុក្ខប្រាកដ
បុណ្យផ្កាសាមគ្គីដោយអំណត់ ខ្មែរអើយសូមផុតភាពលោភលន់ ។
មន្ទីរពេទ្យកុមារអង្គរ បុណ្យផ្កាមនុស្សធម៌សូមបន្ទន់
សាមគ្គីកៀកស្មាអោយរឹងគ្រាន់ អោយរែកអោយពន់ទានបរិសុទ្ធ ។
មន្ទីរពេទ្យកុមារអង្គរ បេះដូងបវរកំដៅដុត
បង្កើនមនសិការជួយប្រាកដ ជាទានបរិសុទ្ធយើងម្នាក់ ៗ ។
មន្ទីរពេទ្យកុមារអង្គរ គឺក្រមសីលធម៌ពេទ្យចងស្រាក់
ព្យាបាលកូនខ្មែរគ្មានវណ្ណៈ គុណភាពប្រត្យកស្មើ ៗ គ្នា ។
មន្ទីរពេទ្យកុមារអង្គរ ច្បាប់ក្រមសីលធម៌និងការងារ
តំលៃមនុស្សជាតិនិងសាសនា យើងជួយខេមរាផុតរោគភ័យ ។
មន្ទីរពេទ្យកុមារអង្គរ តំលៃមនុស្សធម៌ពេជ្រចរណៃ
គឺបុណ្យផ្កាប្រាក់មហាសាមគ្គី គឺប្រពៃណីខ្មែរជួយខ្មែរ ។
មន្ទីរពេទ្យកុមារអង្គរ បេះដូងគុណធម៌គ្មានកែប្រែ
ជាជាតិគំរូខ្មែរជួយខ្មែរ ខ្មែរអើយសូមខ្មែរសុខក្សេមក្សាន្ត ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment