១ ព្រលឹមស្រាងភ្លាម
ក្រោកពីព្រហាម ងូតទឹកដុសធ្មេញ
តែងខ្លួនយ៉ាងស្អាត
ចិត្តស្បើយទោម្នេញ ញញឹមបញ្ចេញ
មន្តស្នេហ៍សប្តាហ៍ ។
២ រួតរះប្រាស់ខ្លួន ជួបជុំបងប្អូន មិត្តរួមយាត្រា
តាមរថយន្តតូច ស្រស់ស្រូបអាហារ រសឆ្ងាញ់ពិសា
បានស្ងប់រៀងមក ។
៣ រថយន្តលយចេញ លឿនឆ្ពោះត្របាញ់ ជ្រែកព្រៃច្រកល្ហក
កាត់ស្ទឹងបឹងបួរ ទេសចរកុញកក ជំនោរបោយបក
ល្វើយ ៗបរិសុទ្ធ ។
៤ នៅមុខភូមិឋាន ឬស្សីឆ្អើរប្រាណ ក្រឡាននំដុត
រសជាតិឈ្ងុយឆ្ងាញ់ ពិសេសបំផុត យើងទិញហើយថត
អនុស្សាវរីយ៍ ។
៥ សំនៀងក្អាកក្អាយ យើងច្រៀងសប្បាយ ឌឺដងវក់វី
ចំអែចំអន់ រែកពន់ផ្កាភ្ញី ទាំងស្រុសទាំងស្រី
សប្បាយកន្លង ។
៦ សំនៀងក្អាកក្អាយ កំប្លែងសំដី កាត់ព្រៃភូមិផង
ទេសភាពតាមផ្លូវ លយជ្រៅរបង ជ្រូកគោទាំងហ្វូង
ប្រឡែងមាន់ទា ។
៧ រថយន្តលឿនរេ ជ្រែកកាត់វាលស្រែ ខែប្រាំងវេទនា
អាកាសក្តៅស្ងួត ស្លឹកឈើជ្រុះផ្ងា ប្រែពណ៌ព្រឹក្សា
ពណ៌មាសលឿងទុំ ។
៨ ប្រាំងខុសវស្សា ខែប្រាំងក្តៅផ្សា ធម្មជាតិក្រៀមក្រំ
វស្សាធម្មជាតិ បៃតងត្រសុំ ត្រជាក់ត្រជុំ
បែគុម្ភត្រសាយ ។
៩ ជ្រែកព្រៃវាលល្បោះ រថយន្តលឿនឆ្ពោះ កោះកេរ្តិ៍ប្រាង្គល្បី
ប្រាង្គទេពថ្មភក់ សង់ងើបផុតដី ប្រាសាទដំរី
ប្រាង្គប្រានាងខ្មៅ ។
១០ កោះកេរ្តិ៍ប្រាង្គធំ សង់ខ្ពស់ដូចភ្នំ មើលផុតហួសឆ្ងាយ
ប្រាង្គពីរ៉ាមីត គ្រិះថ្មស្កឹមស្កៃ កំពូលផុតព្រៃ
បីដូចសួគ៌ា ។
១១ ប្រាង្គមាំមិនទ្រុត ប្រាង្គទ្រដោយគ្រុឌ ថ្មភក់វេហា
ប្រាង្គងើបផុតដី ផុតព្រៃព្រឹក្សា
ប្រាង្គថ្មរចនា
តាមក្បាច់ធម្មជាតិ ។
១២ ប្រាង្គទ្រដោយគ្រុឌ ឋានសួគ៌បរិសុទ្ធ នាំស្ងប់ផងញាតិ
ប្រាង្គប្រាសាទលឹង្គ បឹងវែងផងទៀត ប្រាសាទដាវជ្រៀត
ត្រពាំងប្រីយ៍ស្រស់ ។
១៣ ប្រាង្គរំលំបី គុក ត្រពាំងស្វាយ ដីឆ្នាំងក្រៀមក្រោះ
ប្រាង្គស្រុកស្រឡៅ បង្អួតសម្រស់ ប្រាង្គថ្មទាបខ្ពស់
គុកស្រគុំ
ខ្មៅ ។
១៤ ត្រពាំងតា បាត ដងទង់ប្រាសាទ សុភីព្រៃក្រៅ
អណ្ដូងលាក់ខ្លួន ជ្រាប ប្រាំងបាំងស្មៅ ជំនះ នាងខ្មៅ
អង្គខ្នាមានរិទ្ធ ។
១៥ ប្រាង្គទឹកក្រហម ប្រាង្គព្រហ្មជ្រោះជ្រង ក្រហមដួងចិត្ត
ដំរីសទ្រឹង សំឡឹងញាតិមិត្ត រហាលស្នេហ៍ស្និត
លោមលួងទេសចរ ។
១៦ បន្ទាយពីជាន់ ក្រចាប់ពេនពន់ តែងខ្លួនយ៉ាងល្អ
ប្រាង្គប្រាសំពេជ្រ បាំងលាក់វប្បធម៌ ប្រាង្គពេជ្រភ្លេចពណ៌
កប់ក្នុងធរណី ។
១៧ ប្រាង្គថ្មកោះកេរ្តិ៍ ខឿនវប្បធម៌ខ្មែរ លើលោកគ្មានពីរ
ប្រាង្គថ្មស្រោបពេជ្រ លាក់តាមគីរី ខ្មែរអើយមូលមី
កៀកស្មាការពារ ។
១៨ ប្រាង្គអាថ៌កំបាំង កំណប់រាជវាំង ដ៏មហាអស្ចារ្យ
ប្រាង្គប្រាអំរិត ប្រាង្គប្រាក់រាជការ កប់ក្នុងព្រឹក្សា
ចាំថ្ងៃវិលវិញ ។
១៩ ប្រាង្គថ្មវប្បធម៌ ទាក់ទាញទេសចរ គ្មានថ្ងៃទោម្នេញ
ប្រាង្គមាសប្រាង្គប្រាក់ រៀបរាប់បញ្ចេញ ប្រាង្គថ្មទន្ទេញ
សូមសន្តិភាព ។
២០ ទេសចរធម្មជាតិ កោះកេរ្តិ៍ប្រាង្គញាតិ អង្គរដ៏រាប
ឧធ្យានបៃតង ប្រាង្គថ្មខ្ពស់ទាប ប្រាង្គសន្តិភាព
កម្ពុជារៀងអើយ ៕
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមាតុភូមិបៃតងកម្ពុជា
No comments:
Post a Comment