Saturday, May 16, 2015

ទេសចរធម្មជាតិភ្នំពេញកោះកុង បទកាគតិ ១២ ០១ ២០១៥


១   ភ្នំពេញកោះកុង  ទេសភាពឆ្ងាយក្រុង​   អាណុងដួងចិត្ត
​​     ភ្នំពេញអាគារ     ខ្ពស់ល្អប្រណិត        ឆ្នៃម៉ូដប្រឌិត
                             ស្ថាបត្យកម្មថ្មី    ។
២   ភ្នំពេញផូរផង់    ប្រៀបនឹងបេះដូង     ​ កម្ពុជាបុរី
    កាលមុនឆ្ងាយក្រុង   កោះកុងដ៏ល្បី    ឥឡូវលែងឆ្ងាយ
                       ដូចមុនទៀតឡើយ  ។
៣   ភ្នំពេញកោះកុង   តាមរថយន្តក្រុង    ផ្លូវធំល្វឹងល្វើយ
   ទេសភាពបៃតង   កែនកងកៀកកើយ   ក្រោមខ្យល់រំភើយ
                        រំហើយអោបកាយ   ។
៤   ភ្នំពេញកោះកុង រថយន្តលឿនលង់  លឿនលយគ្មានណាយ
     សំឡឹងដងផ្លូវ   ព្រៃជ្រៅអន្លាយ     ហាក់រត់តោងកាយ
                         លួងលោមថ្នមថែ    ។
    ភ្នំពេញកោះកុង  អារម្មណ៍លក់លង់   ទេសភាពស្រុកខ្មែរ
     ទន្លេព្រែកស្ទឹង   បឹងបួរទ្រព្យកេរ្តិ៍     ញញឹមមន្តស្នេហ៍
                          អមតាមដងផ្លូវ   ។
៦   ភ្នំពេញកោះកុង   ដងភ្នំព័ទ្ធជុំ        រៀបយ៉ាងត្រឹមត្រូវ
      រលកធម្មជាតិ   ជ្រកជ្រៀតលឿនទៅ  ធម្មជាតិដាំនៅ
                           សម្រស់ល្អឯក   ។
៧   ភ្នំពេញកោះកុង  ឆ្លងកាត់តាមក្រុង    ទេសភាពគាប់ភ្នែក
      ខេត្តកំពង់ស្ពឺ      ភ្នំស្រួចពុសញែក    ដងព្រៃនិងព្រែក
                         រាលស្រែចក្រក្រង្ស   ។
៨   ភ្នំពេញកោះកុង  ពេជ្រនិលជ្រោះជ្រង    ដងព្រៃព័ទ្ធវង់
     យាយម៉ៅចិត្តធម៌ អោយពររយពាន់     ញាតិផងវិលជុំ
                        សុវត្ថភាពទៅមក  ។
    ភ្នំពេញកោះកុង  ឱរ៉ាល់ឧដ្តុង្គ      ច្បារមនចំបក់
      ជ្រោះអន្លង់រ័ត្ន   លាក់ខ្លួនពួនជ្រក    ស្ពានយោលទៅមក
                         សួនគីរីរម្យ    ។
១០  ភ្នំពេញកោះកុង  តាមរថយន្តក្រុង    ពុះជ្រែកដងភ្នំ
      កាតព្រៃវាលស្រែ  ចំការធំ ៗ       ដងព្រៃសត្វយំ
                             រំពងព្រឹក្សា   ។
១១  ភ្នំពេញកោះកុង   តាមរថយន្តក្រុង   រំពៃសោតា
       តន្រ្តីធម្មជាតិ    ម្រឹគីម្រឹគា     ច្រៀងរាំពណ៌នា
                        សម្រស់បៃតង   ។
១២  ភ្នំពេញកោះកុង  តាមរថយន្តក្រុង លឿនលយជ្រែកឆ្លង
       ផុតវាលចូលភ្នំ   កាត់ព្រៃជ្រលង   កាត់ភូមិស្រុកផង
                         ឆ្លងស្ពានអណ្តូងទឹក  ។
 ១៣  ភ្នំពេញកោះកុង  តាមរថយន្តក្រុង   ជួរភ្នំឈរភ្លឹក
       ខំឈរទប់ខ្លួន   ជ្រៀតគ្នាយ៉ាងញឹក  ភ្នំខ្ពស់ព្រៃព្រឹក្ស
                        ការពារអភ័យ   ។
១៤  ភ្នំពេញកោះកុង  តាមរថយន្តក្រុង   ឆ្លងស្ទឹងតាតៃ
       ទឹកជ្រោះធម្មជាតិ រុក្ខជាតិខៀវខ្ចី     ញញឹមប្រឹមប្រិយ
                            ដែនដីសុវណ្ណភូមិ   ។ ត
និពន្ធ និងរក្សាសិទ្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមាតុភូមិបៃតងកម្ពុជា

No comments:

Post a Comment