Friday, November 7, 2014

អាងសុទ្ធតែខុស បទពាក្យ ៧ ១៥ ០៤ ២០០៩


  មនុស្សមនាសព្វថ្ងៃសែនទំរើស           អាងបង្អែកខ្ពស់ឬកគគ្លើន
    ចង់គ្មានពេលឈប់ទ្រូងងើយពើន       ងើយឡើងធ្វើផ្គើនអាងនឹងឈ្មោះ  ។
២  អ្នាកមានអាងទ្រព្យលុយដុល្លារ          អាងផ្ទះវិឡារល្អឥតខ្ចោះ
    អាងរថយន្តថ្មីដីទាបខ្ពស់                  អាងនេះអាងនោះព្រោះលោភលន់  ។
៣  អ្នកមានអាងលុយធ្វើអោយហំ          អ្នកក្រអាងយំសុំបែរបន់
    ក្រអាងគេជួយឬកទំរន់                     សុីដេកមិនខំប្រឹងធ្វើការ   ។
៤  អ្នកខ្ជិលអាងសុំចំអែតពោះ               សុំអោយតែរស់ស៊ូវេទនា
    ខ្វះភាពព្យាយាមក្នុងការងារ               កើតស្លាប់ឈឺជាដូចសត្វធាតុ   ។
៥  អ្នកឃ្លានអាងសុីមិនចេះឈប់            ខ្លាចអត់សុីគ្រប់ធំតែមាឌ
    អាងម្ហូបស្រីស្រាក្លាមាយាឃ              សុីហើយសុីទៀតដល់ស្លាប់ខ្លួន  ។
៦  អ្នកខ្លាំងអាងមាឌវាយទាត់ធាក់          អាងកាប់អាងចាក់អាងខុសក្បួន
    ខុសហើយចង់ឈ្នះឈ្លើយហំហួន      ដល់គុកព័ទ្ធខ្លួនទើបដឹងខុស   ។
៧  មនុស្សចាស់អាងង៉ក់ងក្នុងចិត្ត          អាងមិនចេះគិតស្តីបន្ទោស
    អាងត្រូវគ្មានវៀចល្អទាំងអស់             អាងទាល់តែខ្សោះមនុស្សជុំវិញ  ។
៨  មនុស្សក្មេងអាងយំផ្សំមិនដឹង            ល្ងង់ហើយមិនប្រឹងរៀនទន្ទេញ
    មិនអានសៀវភៅមិនបញ្ចេញ             ទុក្ខសោកទោម្នេញច្រណែនគេ  ។
៩  មនុស្សខូចអាងល្បិចក្បួនបោកប្រាស់   អាងក្មេងអាងចាស់អាងមានមេ
    អាងលូចអាងប្លន់អាងមានខ្សែរ           អាងលុយសុីញេលើក្រដាស  ។
១០ អ្នកចេះអាងប្រាជ្ញអាងវិជ្ជា                ធ្វើឈ្នាន់ភាសាដើរផ្តេសផ្តាស
    បំពានអ្នកនេះជាន់អ្នកនោះ                អាងបុណ្យសក្តិខ្ពស់ក្នុងរាជការ    ។
១១ អ្នកធំអាងលុយអាងអំណាច           ហំហួនមិនខ្លាចច្បាប់រដ្ឋា
    ដឹងច្បាប់ល្មើសច្បាប់រដ្ឋសភា             អាងខ្លួនមានងារជាកុង្សី    ។
១២ អាងត្រូវអាងខុសអាងខ្ពស់ទាប        អាងទ្រព្យអាងមាឌអាងឆ្លាតវៃ
    អាងសុទ្ធតែខុសគ្មានតំលៃ                នាំទុក្ខអោយក្ស័យតែខ្លួនឯង    ៕
      និពន្ធដោយវេជ្ជបណ្ឌិត   ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

ស្នេហាខុសវ័យ បទពាក្យ ៧(02 03 2007)


ពេលថ្ងៃរៀបលិចពពកខ្មៅ         បិតបាំងកំដៅលើខ្នងភ្នំ
   ព្រឹក្សាទាំងឡាយស្ងាត់ជ្រង        សត្វចូលទ្រនំសំរាកកាយ   
  រាត្រីខ្យល់បក់សូរល្វើយៗ         ល្ហៀកៗប៉ើយៗពីទិសឆ្ងាយ
   ស្លឹកឈើព្រៃចាស់ធ្លាក់រើយៗ       មេឃអើយម្តេចឡើយអ្នកខ្ពស់ម្លឹង

ព្រោះចិត្តបារម្មណ៍នឹកសង្វែង      មើលចន័្ទម្នាក់ឯងអស់សង្ឃឹម
   ស្រណោះពាក្យពេជ្រស្នាមញញឹម  គិតហើយក្រៀមក្រមឈឺខ្លោចផ្សា  
លូចស្នេហ៍ដួងចន័្ទលូចស្នេហ៍អូន    លាក់ទុកក្នុងទ្រូងចិត្តឯកា
   មិនហ៊ានប្រាប់ម៉ុមទ្រាំវេទនា       ស៊ូលាក់ស្នេហាក្នុងបេះដូង  

លាក់ស្នេហ៍ដូចយប់លាក់ចន្រ្ទា     ទុកក្នុងរ៉ាមិនហ៊ានឈោង
  មិនហ៊ានប្រាប់ម៉ុមខ្លាចនួនល្អង     កាត់ផ្តាច់ចំណងបង្គងចិត្ត  
ទោះបីស្រលាញ់ស្មើសង្ខារ         មិនអាចជួបគ្នាគូរជីវិត
  វណ្ណៈសង្គមវណ្ណៈពិត              មាសប្រាក់កំរិតលើគូរព្រេង 

គ្មានទេចិត្តស្មោះលើលោកនេះ      វណ្ណៈជាន់ជិះប្តូរតំនែង
  ស្មោះមានតែចិត្តស្មោះម្នាក់ឯង      គូរព្រេងពិតរឺគ្មានចំលើយ 
ស្នេហ៍យុវវ័យតែងជ្រុលខក        ញាតិផងចំអកថាគ្មានត្រើយ
  យកស្នេហ៍ភក្តីចោលព្រងើយ       ព្រោះប្រាក់កន្តើយរារាំងប្រាណ 

  តាំងរៀនអោយចប់មានការងារ     ចិញ្ចឹមគ្រួសារទើបសុខសាន្ត
  ចាស់ទុំប្រដៅផៅសណ្តាន         ត្រងត្រាប់ទូន្មានប្រពៃណី  
១០ តាំងខ្លួនរៀនសូត្រជាការធំ       ស្នេហាទុក្ខជ្រាំកុំគិតអី
   ក្រែងរស់ជួបគ្រោះងោះព្រោះស្រី   បាត់បង់អត្ថន័យតំលៃខ្លួន  

១១ ស្នេហាក្មេងវ័យគ្មានកោះត្រើយ   គួរកុំលឡើយនាំចុកជួន 
  ជួបស្នេហ៍បាក់បែកទុក្ខផ្ទួនៗ       លើក្បូនទឹកភ្នែកឯកាក្រៃ  
១២ ជីវិតនិស្សិតសប្បាយណាស់     រៀនច្រើនដឹងច្បាស់ចំនេះថ្មី
  រៀននៅស្រុកគេស្រស់ឆើតឆាយ   កាលបើសាមប្លាយរកប្រពន្ធ 

១៣ ថ្ងៃលិចបាត់ទៅអង្គុយគិត      ថ្លឹងថ្លែងគំនិតពេលយប់យន្ត
  បើបានជួបស្នេហ៍ច្បាស់ទារុណ    គ្មានអ្វីផ្គត់ផ្គង់ដល់គ្រួសារ 
១៤ ដាក់ចិត្តរៀនសូត្របន្តទៀត     អោយខ្ពស់គំនិតយល់បញ្ហា
  យល់អស់សេចក្តីទុក្ខវេទនា       ឧបសគ្គវិជ្ជាតាមសម័យ   

១៥ មានស្នេហ៍មានទុក្ខពាក្យចាស់ថា  ស្នេហ៍ពេលសិក្សាអ័ព្វប្រាជ្ញន័យ
  បំផ្លាញទំពាំងស្នងឬស្សី          កាត់ក្តិចត្រួយថ្មីកុលបុត្រល្អ              
         
   និពន្ធដោយវេជ្ជបណ្ឌិត  ញូង   ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

មាតុភូមិកម្ពុជាដ៏ល្អរបស់យើង បទកាគតិ(១០​ ០៩ ១០)


   កម្ពុជាសុវណ្ណភូមិ             ក្រុងនគរភ្នំ       អភិវឌ្ឍន៍ឆ្ពោះទៅ
    ព្រះថោងនាងនាគ             ខ្មែរជាក់ចាំនៅ             តកូនតចៅ
                                     មាតុជាតិកំណើត   ។
២   កម្ពុជាអភិវឌ្ឍន៍               ច្រើនមកសតវត្សរ៍         ជាតិផ្សេងញញើត
     មហាវីរក្សត្យ                   រួមរដ្ឋបង្កើត                 អភិវឌ្ឍន៍រហូត
                                      ដល់សម័យអង្គរ    ។

៣   កម្ពុជាវរ្ម័ន                    ​ត្រកូលនាគពន័្ធ              ទាយាទដ៍ល្អ
     គតិបណ្ឌិត                   ស្ថាបនិករាជធម៌              កូនខ្មែរចាំត
                                      ប្រវត្តិសាស្រ្តឆ្នើម   ។
៤   កម្ពុជាអភ័ព្វ                 សង្រ្គាមរហូត                 ចោរព្រៃងងើម
    ទ័ពច្បាំងនឹងខ្មាំង            ផ្ទៃក្នុងពុកហើម               ភ្លើងលោភឆេះផ្តើម
                                     ដុតផ្ទៃស្រុកខ្មែរ    ។

៥   កម្ពុជាអភ័ព្វ                 សម័យប៉ុលពត              បំផ្លាញអស់កេរ្តិ៍
    ខ្ទេចខ្ទាំស្រុកទេស           វេទនាឥតល្ហែ                 ខ្មែរអើយចាំទេ
                                     អភិវឌ្ឍន៍ទៅសូន្យ   ។
៦   កម្ពុជាប្រែស្រស់           ក្រោយថ្ងៃរំដោះ               ថ្កុំថ្កើងរលូន
    ក្រោមរាជបារមី​              សីហញាណបុណ្យ         បណ្ឌិតទ័យគុណ
                                    រួមលើកស្ទួយជាតិ  ។

    កម្ពុជាផ្លាស់ប្តូរ           ​ ប្រយុទ្ធតស៊ូ                   បញ្ហាច្រើនទៀត
    បន្ថយអត់ឃ្លាន            ឆ្នៃស្រែធម្មជាតិ               ផ្លូវលំមាំមាឌ
                                 ទិន្នផលបរិបូរណ៍  ។
៨   កម្ពុជារុងរឿង             សន្តិភាពពេញឡើង​         សម័យតេជោ
    មហាគតិបណ្ឌិត          អភិវឌ្ឍគិតគូរ                 ប្រតិបត្តិតស៊ូ
                                   នឹងភាពក្រីក្រ    ។

៩   កម្ពុជាអមត              យើងខ្លាំងយើងឈ្នះ         សប្បាយត្រេកអរ
    ខ្មែរមានការងារ           គ្រប់គ្នាក្រោកឈរ            កើតសីលយកធម៌
                           ​       ព្រះពុទ្ធនៃបុណ្យ    ។
១០  កម្ពុជាសោយសុខ     ថ្ងៃនេះទៅមុខ                 ផលសល់ជាតិមុន
     សមត្ថភាពកើនខ្ពស់     ប្រាជ្ញាទ័យទុន               មានគ្រប់យុវជន
                                   កូនខ្មែរទាំងឡាយ   ។

១១  កម្ពុជាអភិវឌ្ឍ          ក្រុងដល់ជនបទ             សេដ្ឋីចៅហ្វាយ
     ឧស្សាហកម្ម             សិប្បកម្មផ្លូវឆ្ងាយ           នាម៉ឺនមន្រ្តី
                                  បំរើពលរដ្ឋ   ។
១២  កម្ពុជាស្ថិរភាព        ក្មេងទំនើងរាប              អំណាចថ្វីមាត់
    បញ្ជាតេជោ              អោយលប់បំបាត់          បងធំស្គមធាត់
                               ​សង្គមគ្រឿងញៀន   ។

១៣  កម្ពុជាស្ថិរភាព      គ្មានចោរខ្ពស់ទាប          កលបុត្រខំរៀន
  ធនធានមនុស្សច្រើន    កើនទៅអ្នកមាន            ​សុខភាពជាយាន្ត
                              អោយប្រាជ្ញវៀងវៃ    ។
១៤  កម្ពុជាស្អាតស្អំ      សុខភាពខ្មែរហំ              ព្រោះអនាម័យ
    គុណធម៌គ្រូពេទ្យ      ជួយគ្រប់ហានភ័យ         ទុក្ខខ្មែរប្រុសស្រី
                               ប្រាសចាករោគា   ។

១៥  កម្ពុជាបៃតង        ព្រៃភ្នំជ្រោះជ្រង              ព្រំដែនសីមា
    ខ័ណ្ឌទឹកដីគោក      ម្រឹគីម្រឹគា                     រាជរដ្ឋការពារ
                              កិត្តិយសប្រទេស   ។
១៦  កម្ពុជាស្អាតស្អំ​​​     បាតដៃអ្នកធំ                បណ្ឌិតពិសេស
   គ្មានពុករលួយ         ផុយហុយដូចផេះ          យើងធំយើងចេះ
                        ​​     សមត្ថភាពជាមេ   

១៧  កម្ពុជាល្អគ្រប់      អោយល្បីសាយសព្វ       ព្រោះជនទាំងទ្វេ
    គ្មានមានគ្មានក្រ      វប្បធម៌កេរ្តិ៍ ខ្មែរ               អន្តរជាតិគេ
                             សរសើរគួរស្ញើប  ។
១៨   កម្ពុជាបវរ         ទស្សពិតរាជធម៌              វីរជនពើប
     សីហញាណទេព  ​​​​​​​​​​​​​ ភ្នែកទេពមាត់ទិព្វ       តេជោ សែន​ ងើប
                             កិត្តិយសខេមរា    ៕
   
        និពន្ធដោយវេជ្ជបណ្ឌិត    ញូង   ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ


                    ​