Tuesday, October 28, 2014

គ្មានន័យលើសហ្នឹង បទពាក្យ៧ ០៨ ១០ ២០១៣


  គ្រាន់តែភ្នែកមើលសំលឹងគ្នា   ចិត្តផ្សេងគិតថាដូចស្រលាញ់
តាមពិតជាមិត្តសំដែងចេញ     គ្មានក្តីស្រលាញ់បន្តិចទេ  

  គ្រាន់តែនិយាយរកគ្នាមួយមាត់  យល់ខុសមួយព្រាត់ផុតមួយខ្សែរ
តាមពិតជាមិត្តគ្មានទេស្នេហ៍   ចិត្តនេះដឹងដែរនៅតែខុស  

  គ្រាន់តែញុាំបាយនឹងគ្នាម្តង    មានអ្វីនឹងឆ្គងអោយកំហុស
តាមពិតជាមិត្តគ្មានជ្រុលហួស  ទាំងស្រីទាំងប្រុសដឹងច្បាស់ហើយ 

  គ្រាន់តែញញឹមរស់ស្និតស្នាល  ម្តេចក៍ហួសរាលដូចខ្យល់ល្ហើយ
តាមពិតគ្មានអ្វីធំដុំឡើយ        មេឃអើយដីអើយសាក្សីផង 

  គ្រាន់តែចិត្តគិតក៍មិនហ៊ាន      កុំឡើយដេកស្មានគិតគួចផ្សង
តាមពិតជាមិត្តសោះនួនល្អង   មិនចង់អោយទ្រូងមានដ៉បៅ   

  គ្រាន់តែចង់បានស្ងប់ដល់ចិត្ត   មិនច្បាស់កុំគិតកុំបីហៅ
ជាមិត្តពេលនេះរហូតទៅ       គ្មានខុសគ្មានត្រូវមិត្តដដែល 

  គ្រាន់តែចង់រស់នៅម្នាក់ឯង   មិនចង់វង្វេងក្វែកខ្លែងខែល
ម្តេចក៍លំបាកលើសខូចខិល    ក្នុងចិត្តមន្ទិលធ្វើយ៉ាងណា  

  និពន្ធដោយវេជ្ជបណ្ឌិត   ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment