សន្លឹកឆ្នោតខ្ញុំ ខ្ពស់ថ្លៃឧត្តម ដូចមាសទឹកដប់
ប្រជាធិបតេយ្យ ន័យល្អលើសលប់ ត្រិះរិះអោយគ្រប់
ឆន្ទៈយុត្តិធម៌ ។
សន្លឹកឆ្នោតខ្ញុំ ន័យរាស្ត្រជាធំ ភូមិស្រុកសាទរ
កៀកស្មាគ្នារើស តំណាងមួយល្អ មើលថែភូមិករ
រុងរឿងថ្កើងថ្កាន ។
សន្លឹកឆ្នោតខ្ញុំ មើលមនុស្សសក្តិសម ផ្តល់សុខក្សេមក្សាន្ត
ការពារជាតិខ្មែរ មុឺងម៉ាត់ក្លាហាន ដោយប្រាជ្ញទេវញាណ
កុលបុត្រខេមរា ។
សន្លឹកឆ្នោតខ្ញុំ ជ្រើសមនុស្សសក្តិសម ដឹកនាំរដ្ឋា
នាយករដ្ឋមន្ត្រី ពរជ័យកម្ពុជា តាមដោយមាគ៌ា
ប្រជាធិបតេយ្យ ។
សន្លឹកឆ្នោតខ្ញុំ ប្រាំឆ្នាំរាស្ត្រសុំ អភិវឌ្ឍអោយល្បី
សូមកុំផ្គើនខ្លួន អាប់ឱនវិន័យ អំណាចក្នុងដៃ
ភ្លេចអំណាចរាស្ត្រ ។
សន្លឹកឆ្នោតខ្ញុំ កម្ពុជាមូលផ្តុំ សាមគ្គីគឺឈ្នះ
មាគ៌ាអភិវឌ្ឍ ជាតិខ្មែរយើងច្បាស់ មើលអោយសព្វទិស
កុំធ្វេសបង់ឡើយ ៕
និពន្ធដោយវេជ្ជបណ្ឌិត
ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment