Tuesday, October 28, 2014

ថ្ងៃលិចថ្ងៃរះ បទពាក្យ ៧ ០៩ ០៩ ២០១៣


អ្នកមានមិនចេះជួយអ្នកក្រ
តាមបែបមនុស្សធម៍គ្មានសំណង
ចង់សុខតែគ្រួសារខ្លួនម្តង
អ្នកឃ្លានស្លាប់បង់មិនរវល់

អ្នកមានមានលុយកប់ពពក
អ្នកក្រគ្មានជ្រកព្រួយខ្វាយខ្វល់
ខ្វះបាយម្ហូបញុាំត្រាំកម្មផល
ជីវិតអំពល់សែនវេទនា

អ្នកមានហេតុម្តេចខ្វះសីលធម៌
ជួយដល់អ្នកក្រញាតិល្អគ្នា
ប្រយោជន៍ផ្ទាល់ខ្លួននិងគ្រួសារ
អោបជាប់កាមាមិនដែលភ្លេច

លោកនេះយើងរស់ហាក់បវរ
តែយុត្តិធម៌ដូចថ្ងៃលិច
អយុត្តិធម៌រះឡើងស្រេច
មានក្រេហតុម្តេចខុសគ្នាឆ្ងាយម្លេះ ?

ថ្ងៃណាអ្នកក្រក្លាយជាមាន
វីឡាលុយឡាននិងចំណេះ
បើសង្គមមនុស្សលោភយ៉ាងនេះ
ម្នាក់ៗចង់ឈ្នះមានតែឯង  ។



ថ្ងៃណាយើងចេះគិតស្រលាញ់
កៀកស្មាស្រាក់វេញមិនសំដែង
ជួយគ្នាដោយចិត្តស្មោះឥតក្លែង
ខ្មែរអស់សង្រែងព្រឹកខ្វះល្ងាច  ។

ថ្ងៃណាភូមិស្រុកសុខក្សេមក្សាន្ត
សន្តិភាពរស់រានច្បាប់អង់អាច
ការពារមនុស្សល្អមិនខ្លបខ្លាច
អយុត្តិធម៌លិចយុត្តិធម៌រះឡើង  ៕

និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment