១ រាងរាវទាវតូចគួចចិត្តកវី
សកូលាបស្រីរំដួលទឹកថ្លា
ឈរលើស្ពានថ្មល្អលើសអប្សារា
អប់ក្លិនជលសារនាសាចង់ក្រេប ។
២ មើលហើយមើលទៀតមិនអស់ចិត្តគន់
នេត្រាស្រទន់ស្រលាញ់ស្ទើលេប
រាងតូចច្រឡឹងល្វត់ល្វន់ច្រើនបែប
ដាមជាប់កែវភ្នែកស្រមោលស្នេហា ។
៣ បេះដូងឌុកដាក់កន្ត្រាក់ញាប់ញ័រ
ម្តងភ័យម្តងអររំភើបឱរា
រំដួលអង្គរបារាយណ៍ទឹកថ្លា
ប្រៀបបានធីតាវិមានចរណៃ ។
៤ គិតហើយគិតទៀតមិនឃ្លាតឆ្ងាយម៉ុម
ក្លិនផ្កាក្រពុំរៀមសុំថ្នមថ្លៃ
ស្ងួនគិតម្តេចដែរសកូលាបស្រី
តើអូនបេតីកវីបងទេ ? ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment