១ ថ្ងៃជ្រេទន់ទាប រំលេចទេសភាព ដងអូរសោមនស្ស
ស្ពានដែកស្ពានថ្ម ឈរត្រៀបសែនស្រស់ ដងព្រៃល្បាប់ល្បោះ
តាមឈ្មោះឯកភ្នំ ។
២ ក្រោមស្ពានទឹកហូរ ក្មួលក្មាញ់ខ្យល់ថ្ងូរ ព្រមសៀងរៃយំ
តន្រ្តីធម្មជាតិ ល្វើយៗរងំ ពិរោះរណ្តំ
ជ្រាបស្ងប់បេះដូង ។
៣ ដងអូរសោមនស្ស ពែនពាន់ដូចពស់ តាមផ្លូវព្រៃជ្រោង
ហ៊ុំព័ទ្ធប្រាង្គថ្ម ល្អល្អះប្រៀបត្បូង ក្បាច់ក្បូរផូរផង់
គួរគន់មិនណាយ ។
៤ ធម្មជាតិអូរធំ ប្រាង្គថ្មឯកភ្នំ ញញឹមរីករាយ
ទទួលអស់ញាតិ ជូនសុខសួស្តី តាមគ្រប់និស្ស័យ
កុំឃ្លាតម្នាក់ណា ។
៥ ក្រោមម្លប់ពោធិជ័យ ត្រជាក់ដល់កាយ ស្បើយទុក្ខចិន្តា
បួងសួងក្នុងចិត្ត ពាក្យពិតវាចារ សូមរួចកម្មពៀរ
ជៀសគ្រោះអស់ភ័យ ។
៦ ស្រះទឹកបុរាណ ថ្លាឈ្វេងដូចញាណ ផ្កាឈូករីកសាយ
បង្កើនទេសភាព ប្រាង្គថ្មរាល់ថ្ងៃ ទេសចរប្រុសស្រី
ពេញចិត្តអនេក ។
៧ ស្រះទឹកមនោរម្យ ទ្រភ្នេនអង្គធំ នាំបុណ្យចាយចែក
សន្សំសីលទាន បួងសួងពន់រែក មនុស្សល្អសុច្ចរិត
សោយសុខអស់កម្ម ។
៨ ព្រះពុទ្ធិអង្គធំ ញញឹមមើលជុំ ថ្នមថែមុឺនឆ្នាំ
ប្រាង្គថ្មប្រៀបពេជ្រ ត្បូងពណ៌អង្កាំ ផ្តាំខ្មែរជួយចាំ
កុំបីបំផ្លាញ ។
៩ ប្រាង្គថ្មទ្រុឌទ្រោម ប្រាង្គបាក់ប្រាង្គឈោង ននៀលអោបក្រាញ
រក្សាខ្លួនប្រាណ ស្នាដៃជំនាញ ប្រាង្គបង្អួតរាង
ទេសចរក្នុងក្រៅ ។
១០ ប្រាង្គថ្មបាក់ធ្លាក់
តែក្បាច់ចំលាក់ អត្ថន័យជ្រាលជ្រៅ
រក្សាតំលៃ តដល់កូនចៅ ផ្តាំរាល់ញាតិផៅ
កុំធ្វេសនឹងលោភ ។
១១ ប្រាង្គថ្មឯកភ្នំ
ញញឹមស្វាគមន៍ រំសាយចិត្តស្អប់
កតញូខន្តី វិន័យដូចម្លប់ ក្បួនច្បាប់ជ្រាបសព្វ
លើកយសដូនតា ។
១២ ប្រាង្គថ្មទ្រព្យកេរ្តិ៍ ប្របស្ទឹងសង្កែ សម្បត្តិអស្ចារ្យ
ខេត្តបាត់តំបង ពូជពង្សសាវតា ផ្តាំអស់ខេមរា
ថែឯកភ្នំផង ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment