១ តាំងចិត្តជាមនុស្សល្អឧត្តម តាំងចិត្តជាភ្នំការពារខ្មែរ
តាំងចិត្តជាមេឃជាភ្លៀងមេ ផ្តល់ទឹកអោយខ្មែរធ្វើស្រែស្រូវ ។
២ តាំងចិត្តជាខ្យល់ផ្តល់ដង្ហើម ប្រៀបដូចសន្សើមញញឹមនៅ
ប្រស់ព្រំធម្មជាតិតាមរដូវ បៃតងដងផ្លូវឧធ្យានអង្គរ ។
៣ តាំងចិត្តជាមនុស្សនាំសំណាង ជោគជ័យយើងសាងពីចិត្តធម៌
សុភមង្គលសប្បាយអរ ស្រលាញ់ស្មោះសញាតិផងគ្នា
។
៤ តាំងចិត្តជាលាភយសសម្បត្តិ តាំងចិត្តជាព្រ័ត្រស្រាក់ខេមរា
សាមគ្គីចងរឹតស្មានិងស្មា កំលាំងមហិមាឈ្នះសត្រូវ
។
៥ តាំងចិត្តជាខ្មែរស្រលាញ់ជាតិ តាំងចិត្តជាញាតិផងជាប់ផ្លូវ
តាំងចិត្តញញឹមជាប់និតនៅ មិននាំហ្មងសៅដល់មាតុភូមិ ។
៦ តាំងចិត្តជាខ្មែរតស៊ូខ្លាំង ទ្រូងដែកទល់ខ្មាំងយ៉ាងហានហំ
តាំងចិត្តជាទ័ពតាមដងភ្នំ មើលថែសមរភូមិព្រំសីមា
។
៧ តាំងចិត្តជាខ្មែរយុវជនល្អ សាបព្រួសសីលធម៌ពុទ្ធសាសនា
គន្លងច្បាប់ក្បួនខ្ពស់សាស្រ្តា មាគ៌ាកម្ពុជាដ៏រុងរឿង ។
៨ តាំងចិត្តស្មោះស្ម័ក្រព្រះមហាក្សត្រ បល័ង្គសម្បត្តិជាតិនៃយើង
គោរពរក្សាលើកដំកើង កម្ពុជាខ្មែរថ្កើងអភិវឌ្ឍរាល់ថ្ងៃ ។
៩ តាំងចិត្តជាខ្មែរមិនក្បត់ខ្មែរ ជាឆ្មាំមើលថែកេរ្តិ៍ជាតិថ្លាថ្លៃ
តាំងប្រៀបទំពាំងស្នងឬស្សី ដុសខាត់ប្រាជ្ញឆ្នៃយុវជនឆ្នើម ។
១០ តាំងចិត្តតាំងចិត្តពិតត្រងត្រាប់ ស្មាកៀកស្មាស្រាប់កំលាំងផ្តើម
ដាស់តឿនកូនខ្មែរគ្រប់ដង្ហើម ស្រលាញ់ក្សត្រយើងប្រៀបសង្ខារ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី មន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment