កុំខ្លាំងដៃពេក កុំបីខំស្រែក ភ្លេចអស់គុណធម៌
កុំមានតែអញ ប្រាជ្ញវៃហើយល្អ កុំខំក្រោកឈរ
អួតខ្លួនអស្ចារ្យ ។
កុំភ្លេចភាពដើម កុំដកដង្ហើម មាក់ងាយខេមរា
កុំអាងងារខ្ពស់ យសជារាជការ កុំអាងប្រាជ្ញា
យកជាតិទ្រាប់គូថ ។
កុំភ្លេចពេលក្រ កុំអាងរូបល្អ គរលុយឡើងកូដ
គួរចេះដាក់ខ្លួន អោយឆ្ងាយអាងអួត កុំបីស្លូតបូត
ក្រែងគេមើលងាយ ។
កុំអាងខ្លួនចេះ ពាក្យគ្មានត្រិះរិះ អោយញាតិខ្វល់ខ្វាយ
កុំយកប្រាជ្ញខ្លួន ដូរក្បួនជេរស្តី ចូរប្រើសំដី
ប្រពៃបវរ ។
កុំអាងយសស័ក្ត អាងមានអង្គរក្ស ក្អេងក្អាងឈូឆរ
យើងមនុស្សដូចគ្នា កុំគ្មានសីលធម៌ ទោះបីមានក្រ
គួរកុំប្រកាន់ ។
កុំអាងអំណាច ធ្វើហើយគេខ្លាច ភ្លេចញាតិលានពាន់
យើងសុទ្ធតែខ្មែរ ខ្មែរររយជំនាន់ ខ្មែរអើយកុំជាន់
ភាន់ពាក្យអសុរស ។
កុំឃើញខ្មែរក្រ តោកយ៉ាកដោយពណ៌ ដៀលជេរចំឈ្មោះ
យើងខ្មែរដូចគ្នា ជួយគ្នារួមរស់ កុំបីខាកស្តោះ
ព្រោះរូបខាងក្រៅ ។
កុំមានតែអញ សុខឆ្ងាយទោម្នេញ ប្រាជ្ញស្លាប់រស់ខ្លៅ
ភាសាបញវន្ត ដូនតាប្រដៅ កុំឡើយកូនចៅ
ហួសផ្លូវសាសនា ៕
និពន្ធដោយវេជ្ឌបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment