Tuesday, October 28, 2014

​ជាតិនេះល្អមិនគ្រប់ដប់ បទពាក្យ៨ ​១០ ០៩ ២០១៣


  កើតមកជាតិនេះចំណេះជាផ្លូវ     រូបកាយខាងក្រៅដំបៅដល់ចិត្ត
   នាំខុសបំណងខុសទាំងការគិត    អាសូរជីវិតប្រៀបជនពិការ   ។

២  កើតមកជាតិនេះខ្វះរូបខ្វះរាង     ខ្វះល្អសងខាងមិនគាប់នេត្រា
   តូចចិត្តខ្លួនឯងទៅប្រាប់អ្នកណា   មានតែទេវតាទើបដឹងចិត្តខ្ញុំ   ។

៣  កើតមកជាតិនេះមិនសមបំណង  ជាតិក្រោយសូមផ្សងរូបល្អឧត្តម
   ទោះបីល្ងិតល្ងង់សូមកាយសមរម្យ  កុំអោយចិត្តយំដូចភ្នំសង្កត់   ។

៤  កើតមកជាតិនេះទ្រូងប្រេះនឹងគិត  ខ្វាយខ្វល់បង្ខិតរកទុក្ខប្រាកដ
  មិនដឹងថ្ងៃណាទ្រូងអស់អំណត់    ញញឹមសង្កត់ទុក្ខទៅអោយឆ្ងាយ  ។

៥  កើតមកជាតិនេះតែងតែគិតខុស  លោភលន់នឹងឈ្មោះហាក់សែនពណ្ណរាយ
  ដល់ពេលប្រតិបត្តិមិនស្រួលមិនងាយ  នឹកឡើងសោកស្តាយកំហុសខ្លួនឯង  ។

៦  កើតមកជាតិនេះខ្លួនដូចខ្វិនខ្វង់   មានតែចំណង់ខ្វះរូបសម្ញែង
   បង្អួតភ្នែកញាតិធម្មជាតិក្លាយក្លែង  ណ្ហើយកុំចំបែងតាមតែវាសនា  ។

៧  កើតមកជាតិនេះទ្រូងប្រេះព្រោះលោភ  ចង់មានបរិភោពរស់នៅហុឺហា
    លុយឡានមាសប្រាក់ភូមិគ្រិះវីឡា  បន្តសិក្សាខ្ពស់យសបណ្ឌិត  ។

៨  កើតមកជាតិនេះខុសអស់មួយក្តា   ជាតិក្រោយប្រាថ្នាបានរូបល្អពិត
  កើតជាមហាសេដ្ឋីលុយចូលហួសគិត  ជួយខ្មែរដោយចិត្តបេះដូងមនុស្សធម៌  ។

៩  កើតមកជាតិនេះគិតមិនដូចធ្វើ    មានសព្វនៅស្ទើរមិនគ្រប់អោយល្អ
  ខ្វះនេះខ្វះនោះរស់មិនបវរ     តែខំក្រោកឈរបន្លប់ចិត្តឯង   ។

១០ កើតមកជាតិនេះល្អមិនគ្រប់ដប់  មានប្រាជ្ញខ្វះរូបមានចិត្តវង្វេង
  ខ្វះគុណសម្បត្តិជាអ្នកសំដែង    ខ្លួនអើយចំបែងរស់សែនវេទនា  ៕

  ​និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ

No comments:

Post a Comment