Tuesday, October 28, 2014

ឈាមមួយជួយជីវិតមួយ បទពាក្យ៧ ២៤ ០៧ ២០១៣


១  ឈាមស្រស់ឈាមល្អបវរក្រៃ            ឈាមមាននិស័្សយដោយមនុស្សធម៌
យើងស្ម័គ្រផ្តល់ឈាមដោយត្រេកអរ       កៀកស្មាក្រោកឈរជាសប្បុរសជន
២  ឈាមស្រស់ឈាមល្អបវរក្រៃ            ឈាមមនុស្សប្រពៃផ្តល់ដោយបុណ្យ
  សង្គ្រោះជីវិតខ្មែរឈឺធ្ងន់                      ផ្តល់ឈាមបន្ទាន់ដោយហានក្លា     
៣  ឈាមស្រស់ឈាមល្អបវរក្រៃ            ផ្តល់ជីវិតថ្មីញាតិខេមរា
   ស័្មគ្រចិត្តផ្តល់ឈាមព្រោះមេត្តា           សង្រ្គោះកុមារកម្ពុជាទុរគត   ។
៤  ឈាមស្រស់ឈាមល្អបវរក្រៃ             ដោយខ្មែរប្រុសស្រីក្រុងជនបទ
 យល់ច្បាស់ប្រយោជន៍ឈាមប្រាកដ      ហើយចោលនូវផ្នត់គំនិតខ្លាច  ។
៥  ឈាមស្រស់ឈាមល្អបវរក្រៃ             ប្រៀបពេជ្រចរណៃក៍មិនអាច
  ថ្លៃលើសមាសប្រាក់វាល់ហៀរកាច         មុឺនល្អីមកបាចទិញមិនបាន  ។
៦  ឈាមស្រស់ឈាមល្អបវរក្រៃ             កូនខ្មែរគ្រប់វ័យកុំបីស្មាន
 ថាផ្តល់ឈាមហើយខ្សោយខ្លួនប្រាណ    តាមពិតយើងគ្មានខ្សោយអ្វីទេ  ។
៧  ឈាមស្រស់មួយផ្លោកមួយតក់ពិត     អាចថែជីវិតស្បើយល្ហើយល្ហែរ
  ព្យាបាលរោគាកុមារខ្មែរ                       អោយរស់ដូចគេថែកម្ពុជា  ។
៨  ឈាមស្រស់មួយតក់ស្រក់ដោយធម៌   ផ្តាំញាតិកែនគរផ្តល់សេវា
  ជាអ្នកសង្រ្គោះជាតិខេមរា                    លោហិតអស្ចារ្យឱសថទិធ   ។
៩  ឈាមស្រស់មួយតក់ស្រក់ផ្តាំញាតិ     ផ្តល់ឈាមជួយជាតិកុំគេងកិប
  កូនខ្មែរច្រើនណាស់ឈាមលានហិប      ជួយខ្មែររាប់សិបដែលត្រូវការ  ។
១០ឈាមយើងឈាមស្រស់លោះលាយណាស់ យើងងើបយើងដាស់ខ្មែរគ្រប់គ្នា
  ស្ម័គ្រចិត្តផ្តល់ឈាមជួនកម្ពុជា              ព្យាបាលកុមារស្បើយរៀងអើយ  ៕
     និពន្ធដោយវេជ្ជបណ្ឌិត  ញូង ភក្តី  កវីមាតុភូមិបៃតង

   

No comments:

Post a Comment