ប្រាង្គព្រះវិហារដ៏មហាស្កឹមស្កៃ
រួចផុតទុក្ខភ័យថ្ងៃទី ១១
ក្នុងខែវិច្ឆកាប្រាង្គផុតអស់ព្រួយ
ខ្មែររួមគ្នាជួយការពារតទៅ ។
ប្រាង្គព្រះវិហាររបស់ខ្មែរពិត
មិនអាចប្រឌិតតាមតែអ្នកក្រៅ
មិនអាចបន្លំមកគុសចារដៅ
យើងមានសំណៅច្បាប់ ICJ
១១ វិច្ឆិកា ២០១៣
សុភវិនិច្ឆ័យយុត្តិធម៌ម្ចាស់កេរ្តិ៍
ប្រាង្គព្រះវិហារជារបស់ខ្មែរ
មិនអាចកែប្រែតាមចិត្តបានឡើយ ។
េជ័យោ ជ័យោកម្ពុជាអច្ឆរិយៈ
ព្រះវិហារអមតៈផុតភ័យអស់ហើយ
យើងរូមអភិវឌ្ឍជួយខ្មែរអោយស្បើយ
ប្រាង្គព្រះវិហារអើយឈប់ព្រួយទៀតទៅ ។
ជ័យោ ជ័យោសកលយល់ច្បាស់
កម្ពុជាគឺម្ចាស់ប្រាង្គថ្មឥឡូវ
ផែនទីបារាំងបណ្តាំទុកនៅ
ដែនដីដងផ្លូវកម្មសិទ្ធិខេមរា ។
ប្រាង្គព្រះវិហារដ៏មហាសាល
សន្ធឹងវាតវាលហោះលើវេហា
ក្នុងចិត្តរំភើបរញ្ជួយឱរា
មើលមកកម្ពុជាដោយស្នាមញញឹម ។
ប្រាង្គព្រះវិហារល្បីល្បាញដោយឈ្មោះ
សាងលើភ្នំខ្ពស់ល្អគ្មានអ្វីផ្ទឹម
ក្បូរក្បាច់រចនាសែនស្រស់ប៉ប្រឹម
ប្រាង្គថ្មសង្ឃឹមផ្តាំខ្មែរកុំធ្វេស ។
ជ័យោ ជ័យោដែនដីសុវណ្ណភូមិ
ខ្ពង់រាបខ្នងភ្នំទេសភាពពិសេស
សមុទ្រឈើខ្មែរខ្មែរអើយត្រិះរិះ
មាតុភូមិតូចនេះមានសព្វធន់ធាន ។
ជ័យោ ជ័យោស្រែកហ៊ោព្រមគ្នា
កៀកស្មាស្រាក់ស្មាការពារអោយបាន
សម្បត្តិដូនតាគង់វង់ក្សេមក្សាន្ត
កលបុត្រគ្រប់ប្រាណចាំជាប់បេះដូង ។
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment