Tuesday, October 28, 2014

ភូមិខ្ញុំភូមិទុក្ខភូមិផ្លុកបំណុល បទពាក្យ៨ ០៩ ០៣ ២០១៤


អនាគតយ៉ាងណាប្រជាភូមិខ្ញុំ              ខ្ចីប្រាក់ដុលដុំដូរនំដូរបាយ
ប្រាក់តិចកើនច្រើនចំរើនចៅហ្វាយ        ដល់ខែដល់ថ្ងៃខ្វះបាយមានលុយ  ។

ប្រជាអភ័ព្វលក់ទ្រព្យកេរ្តិ៍ញាតិ             កាន់តែចោលម្សៀតលក់ដីផ្លុំខ្លុយ
ស្រែស្រូវក៍អស់ប្រាក់លួសក៍ស្អុយ       បំណុលកើនក្រោយលើសប្រាក់ដែលមាន  ។

ប្រជាលែងគិតលែងនឹកជាតិខ្មែរ           បំណុលរាល់ខែកើនឡើងដល់លាន
ប្រជាកើនខ្ជិលរិចរិលនឹងរៀន               បាត់អស់ព្យាយាមដេកសុីដូចជ្រូក   ។

ភូមិអើយភូមិខ្ញុំភូមិខ្ញុំសប្បាយ             ឥឡូវប្រែក្លាយមនុស្សដេករដូក
ធ្វើការរកលុយមុខស្អុយគគោក            ធំតែខ្លួនឃ្លោកតែហាក់គ្មានន័យ  ។

ស្រែស្រូវក៍អស់លក់លួសបំណុល         កើនធំផុសផុលបំណុលចៅហ្វាយ
បើកភ្នែកខ្វះលុយគិតឃើញតែខ្ចី          បំណុលរាល់ថ្ងៃថ្ងៃណាសងអស់  ?

ភូមិខ្ញុំភូមិទុក្ខថ្ងៃមុខម្តេចទៅ                 ប្រជារស់នៅនឹងបាត់រាល់យស
នឹងសល់តែខ្លួនកូនព្រមទាំងឈ្មោះ       តើជាតិខ្មែររស់គួរពឹងអ្នកណា  ?

និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ
     

No comments:

Post a Comment