១ ព្រលឹមស្រាងៗ ក្រោកឡើងទៅហាង តែងខ្លួនយ៉ាងស្អាត
អ៊ុតសក់ផាត់មុខ គ្មានស្នាមគ្រោតគ្រាត ល្អទ្រង់ដល់បាត
តាមប្រពៃណី ។
២ គ្រប់គ្នាជួបជុំ កន្លែងណាត់មុន មិនយឺតនាទី
នាំគ្នាឡើងឡាន កំលោះនារី ស្ទុះស្ទាមូលមី
ខ្លាចខកដំណើរ ។
៣ គ្រប់គ្នារៀបរយ ទាំងមុខទាំងក្រោយ មើលក្រោមមើលលើ
សម្ឋស្បល្អឯក គាប់ភ្នែកឡើងស្លឺ គយគន់សរសើរ
មិនដាច់ពីមាត់ ។
៤ ក្នុងឡានរងំ សំលេងកន្លង់ ឌឺដងប្រតិព័ទ្ធ
គយគន់បុប្ឋា ផ្លែផ្កាបែនបត់ តាមពណ៌សំពត់
ម៉ូដអាវថ្លៃ ៗ ។
៥ សំលេងរំពង តន្រ្តីអូនបង ផ្គូរផ្គងនិស្ស័យ
ក្នុងចិត្តបរិសុទ្ធ មិត្តប្រុសមិត្តស្រី ញញឹមប្រឹមប្រិយ
សប្បាយកន្លង ។
៦ រថយន្តលឿនលយ មើលស្តាំមុខក្រោយ ធម្មជាតិបំព្រង
ចោលក្លិនបុប្ឋា នាសាស្រូបត្រង ក្លិនប្អូនក្លិនបង
អប់ដងព្រឹក្សា ។
៧ រថយន្តលឿនលយ ផ្លូវមុខផ្លូវក្រោយ រលកជលសា
អារម្មណ៍ហោះហើរ ទៅឋាននានា ខ្លះពុលវោហារ
ភ្លឺថ្លាគំនិត ។
៨ ខ្លះនឹកទៅឆ្ងាយ អារម្មណ៍រំពៃ មើលមនុស្សកៀកកិត
ខ្លះនឹកដល់គូរ រអ៊ូអ្នកជិត ខ្លះទៀតផ្តេកផ្តិត
នឹងមនុស្សនៅក្បែរ ។
៩ ខ្លះទៀតសមរម្យ អង្គុយសំងំ នឹកគិតគូរស្នេហ៍
ខ្លះសើចញញឹម មានយំផងដែរ ខ្លះក្អួតព្រោះតែ
ពុលវោហារសាស្ត្រ ។
១០ ឌឺដងសំដី ខ្លះសើចសប្បាយ ម្ខាងស្រីក៍ខ្មាស
ផ្គូរផ្គងគ្នាលេង ល្បែងខ្មែរចាស់ ៗ មុខសក៍ផ្លាស់
ក្រហមគួរក្នាញ់ ។
១១ រថយន្តលឿនលយ
រលាក់មុខក្រោយ ក្រពះត្របាញ់
រលករថយន្ត រមូលពោះវេញ ខ្លះពុលក្អួតចេញ
ញុាំវិញថែមទៀត ។
១២ រថយន្តលឿនលយ
រលាក់មុខក្រោយ អង្គុយពយពៀត
ត្រគាកប៉ះគ្នា កាយាប្រជ្រៀត ចិត្តវិញនឹកទៀត
ឃ្លាតបៀតមិនបាន ។
១៣ រថយន្តលឿនលយ
កាយមុនកាយក្រោយ រកៀកគ្មានស្រាន្ត
ក្រសោបចូលគ្នា រលាខ្លួនប្រាណ អ្នកខ្លះរុញច្រាណ
ខ្លះសសៀរជិត ។
១៤ ខ្លះក្អួតទន់ខ្លួន ក្នុងចិត្តអង្រួន ញ័រអស់គំនិត
និយាយរអួល ដេកដួលកៀកស្និត ធម្មជាតិឆ្ងាយពិត
ឃើញជិតបង្កើយ ។
១៥ ខ្លះសខ្លាចខ្មៅ ខ្លះប្រឹងខ្លាចផ្លូវ រឹងខ្លួនដល់ហើយ
ខ្លះគ្មានទុក្ខព្រួយ សញ្ជឹងរំភើយ ខ្លះក្អួតគ្មានស្បើយ
រកតែគ្រែគេង ។
១៦ អនុស្សាវរីយ៍ មង្គលការនារី វក់វីក្រៃលេង
ចុះពីថ្នល់ជាតិ ចង្អៀតបែកផ្សែង គោយន្តប្រឡែង
ក្រលេងគ្មានឈប់ ។
១៧ ខ្លួនស្រាក់ចូលគ្នា ពុលឡានផ្កាប់ផ្ងា វេទនាលើសលប់
ចិត្តវិញសប្បាយ រីករាយគ្មានស្អប់ កាយញ័រចំប្រប់
ដូចរាំឌីស្កូ ។
១៨ ខ្លួនស្រាក់ចូលគ្នា ទៅវិលវិញណា ក្នុងចិត្តត្រេកអរ
ក្រពះមូលពេញ ផ្ទុកដោយអាហារ ខ្លួនប្រាណប្រែជា
អស់ក្លិនឈ្ងុយឈួល ។
១៩ វិលវិញគោយន្ត បានជិះរថយន្ត ចិត្តថាបានស្រួល
ភាសាមិត្តភាព រអាក់រអួល ឡានខូចទើរទួល
អូសរុញព្រមគ្នា ។
២០ មង្គលការជនបទ សប្បាយប្រាកដ ស្វាមីភរិយា
ចូលរួមជួនពរ ល្អដប់ប្រការ យើងភ្ញៀវសូមលា
ទាំងស្នាមញញឹម ៕
រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment