អត់ធ្មត់លត់ដំទាន់ខ្លួននៅក្មេង
កុំបីប្រជេងយកខូចជាគ្នា
អប់រំដល់ចិត្តអោយគិតសិក្សា
គួរជ្រើសមាគា៌ជាអ្នករៀនសូត្រ ។
អត់ធ្មត់លត់ដំកុំអោយយឺតពេល
វិជ្ជាជាខែលជាយាន្តកលបុត្រ
កុំបីភ្លេចខ្លួនដើរចូលផ្លូវទុក្ខ
សូមគេចអោយផុតគ្រោះអវិជ្ជា ។
អត់ធ្មត់លត់ដំគួរទ្រាំលំបាក
ធ្វើចិត្តអោយស្រាកកុំបីរុញរា
អត់ធ្មត់អោយមាំឧបសគ្គនានា
ឃុំគ្រងចិត្តមាក្រែងបៀតបៀនគេ ។
អត់ធ្មត់ប្រឹងរៀនបង្ហាត់ដល់ចិត្ត
អោយយល់គំនិតមានប្រាជ្ញជាកេរ្តិ៍
ខំរៀនអោយខ្ពស់មានយសជាខ្មែរ
ត្រកូលយើងស្រែតែស្រែខ្មែរឆ្លាត ។
អត់ធ្មត់ស្វែងរកមាគា៌ប្រពៃ
អំណត់វាងវៃកុំបីបង់ខាត
កុំចាញ់មនុស្សល្ងង់ព្រោះល្ងង់ប្រមាថ
កុំអោយមានបាបព្រោះបាត់មនុស្សធម៌ ។
អត់ធ្មត់ហើយគិតមើលផ្លូវមួយថ្មី
កុំតបសំដីពីល្ងង់ធ្វើល្អ
ភាសាបណ្ឌិតគំនិតបវរ
ស្ងៀមស្ងាត់ដោយធម៌ដោយពរថ្លៃថ្លា ។
អត់ធ្មត់ជាយាន្តនាំមកជោគជ័យ
ប្រាជ្ញាវាងវៃនាំនូវហានក្លា
អត់ធ្មត់ញញឹមដោយចិត្តមេត្តា
មើលមនុស្សផងគ្នាជាញាតិផងខ្លួន ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី
នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment