១ ថ្ងៃចុងសប្តាហ៍ មិត្តអើយជួបគ្នា យើងដើរកំសាន្ត
ក្រោកឡើងពីព្រឹក ព្រលឹមស្រាងស្រាន រៀបម្ហូបឆ្នាំងចាន
គ្របទុកជាស្រេច ។
២ បន្លែរបៃតង ត្រសក់ននោង ខ្ទឹមស្ពៃត្រឡាច
ប៉េងបោះការ៉ុត ចេកល្មុតពេញភាជ ត្រគួនល្ហុងវេច
ជីស្រស់គ្រប់មុខ ។
៣ អន្លក់ទឹកគ្រឿង ក្រសាំងបុកលឿង លាយនឹងប្រហុក
អន្តែងស្វាយខ្ចី ទឹកត្រីមែ៉ពុក ម្ហូបឆ្ញាញ់ស្បើយទុក្ខ
ម្ជូរក្រាញ់ឈ្មោលញី ។
៤ ស្ងោរមាន់ឆាក្តៅ បន្លែរស្រស់ឆៅ គ្មានជាតិគីមី
យើងរៀបកុំខ្ជិល លាងស្អាតធូរលី សុខភាពជីវី
អនាម័យចំបង ។
៥ ភេស្ជៈមានសព្វ បាយម្ហូបយើងគ្រប់ កំសាន្តជ្រោះជ្រង
ជិះលើរថយន្ត ជជែកសារសង ឃើញផ្ទះច្រើនខ្នង
មនុស្សមនាស្អេកស្កះ ។
៦ ភូមិសន្តិភាព រស់មានរបៀប ទេសចរច្រើនណាស់
ក្នុងស្រុកក្រៅស្រុក អូរអរក្រែលក្រាស់ ខ្មែរអើយចាំច្បាស់
សូមចេះរួបរួម
។
៧ តាមផ្លូវបងប្អូន លក់ដូរចែកជូន អាហារច្រើនក្រុម
អនុស្សាវរីយ៍ អមដងផ្លូវធំ នំបញ្ចុកជូបជុំ
ព្រះដាកផ្លូវកែង ។
៨ ទេសចរធម្មេជាតិ ដូងត្នោតខ្ពស់ទាប បៃតងអប់ផ្សែង
ចេកត្រាវទៀបល្ហុង ដាំគ្រប់កន្លែង ស្រូវសន្ទូងវែង
ដាច់កន្ទុយភ្នែក ។
៩ ស្រូវស្រែខៀវខ្ចី កសិករប្រុសស្រី ពេញចិត្តអនេក
ខ្លះឈរញញឹម ខ្លះមិនអល់ឯក បោចស្មៅរួចផ្អែក
ក្រោមម្លប់ដើមជ្រៃ ។
១០ រថយន្តលឿនលយ ឆ្លងផុតភូមិមួយ ដោយតាមដងព្រៃ
ដើមឈើធំៗ ផ្តល់ម្លប់ត្រឈៃ អភិរក្សរាល់ថ្ងៃ
អជ្ញាធរអប្សារា ។
១១ ឆ្លងចូលភូមិថ្មី ចំរៀងចងដៃ ប្រុសស្រីរៀបការ
អាវប៉ាក់ផាមួង ហូលស្រស់រាបសារ ប្រពៃណីខេមរា
គង់វង់ជានិច្ច ។
១២ កំសាន្តសប្តាហ៍ ធម្មជាតិពសុធារ បោកបក់រវិច
សន្សើមព្រលឹម ចាំងភ្លឺដូចពេជ្រ យើងខ្ញុំមិនភ្លេច
ឋានសួរគូលែន ។
១៣ រថយន្តបោះពួយ លឿនស្លេវបណ្តោយ ជ្រៀតចូលបត់បែន
តាមកន្តៀតថ្ម ចំការធូរេន វាលវែងពស់ពែន
ស្វាគមន៍ទេសចរ ។
១៤ ពស់រស់លកលៃ បត់បែនវែកព្រៃ ខ្នងភ្នំបវរ
លូនកាត់បន្លា អូសចារលើថ្ម ហៅមនុស្សអោយឈរ
ញញឹមរាក់ទាក់ ។
១៥ ថ្ងៃកាន់តែខ្ពស់ ឈើធំដួលអស់ បាត់ម្លប់ត្រជាក់
ឈើតូចប្រឹងលូត ផ្តល់ម្លប់យើងស្នាក់ ខ្យល់ល្ហើយផាត់ធ្លាក់
ជ្រាបដល់បេះដូង ។
១៦ ស្ពានឈើឆ្លងស្ទឹង ឈរស្ងៀមនៅទ្រឹង សឹកប្រាណរលោង
សូ៊ទ្រាំឈឺចាប់ ស៊ូស្លាប់តោងយោង សណ្តោងសណ្តូន
ថាខ្លួនមាំណាស់ ។
១៧ ទឹកហូរលឺលាន់ កាត់លឹង្គមួយពាន់ ជន់តាមថ្មក្រាស់
ចំលាក់យូនី ប្រថពីតេជះ បរិសុទ្ធថ្លាច្បាស់
ស្ទឹងទេពគង្គា ។
១៨ ទឹកស្ទឹងថ្លាយ៉ង់ ចង់ងូតហើយក្បង់ ប្រលែងនឹងគ្នា
វាលស្តេចគំលង់ ជួបជុំគ្រួសារ ក្រោមម្លប់ព្រឹក្សា
ត្រឈឹងត្រឈៃ ។
១៩ ដល់ក្លោងទ្វារធំ ឡើងកំពូលភ្នំ កំសាន្តដងព្រៃ
ខ្លាថ្មមួយគូរ ញញឹមស្រស់ស្រាយ អមដោយដំរី
ប្រមោយបាចផ្កា ។
២០ ឡើងដល់ខ្នងភ្នំ តោថ្មបីក្រុម គ្រហឹមច្រៀងសារ
នាំពាក្យជួនពរ ទេសចរព្រឹក្សា សូមមកទស្សនា
សប្បាយរីករាយ ។
២១ រូងភ្នំពស់ស ឥសីសូត្រធម៌ ពរអ្នកចំងាយ
កញ្ញាស្បូតសក់ ទឹកស្រក់ដល់ដៃ លុបមុខលាងកាយ
ជំរះមន្ទិល ។
២២ ក្រោមម្លប់ឈើព្រំ សូមព្រះអង្គធំ លាងទោសខូចខិល
កុំបីប្រកាន់ នឹងមនុស្សគ្មានសីល សូមពរកុំរិល
នាំមនុស្សទៅល្អ ។
២៣ សូមពរព្រះអង្គ ជួយមនុស្សស្មោះត្រង់ មានទុនផុតក្រ
ផុតភ័យរោគា សុខភាពបវរ ខ្មែរអើយកុំឈរ
ត្រូវខំកុំឈប់ ។
២៤ ព្រៃស្ងាត់ជ្រងំ
បក្សីច្រៀងរាំ កំដរថ្ងៃយប់
តន្រ្តីពិរោះ រន្តំសាយសព្វ នាំចិត្តយើងស្ងប់
ភ្លេចអស់ទុក្ខព្រួយ ។
២៥ ទឹកហូរជ្រៀកថ្ម សំលេងឈូរឆរ ដូចព្យាណូមួយ
ធ្លាក់បែកផ្កាត្រែង ប្រៀបភ្លេងឆាងជួយ ជ្រោះជ្រងសៀងអើយ
ឋានសួគ៌ធម្មជាតិ ។
២៦ ទឹកស្ទឹងហូរធ្លាក់ បរិសុទ្ធត្រជាក់ សម្រស់ល្អស្អាត
ប៉ប្រះថ្មដា គង្គាជលនិធិ បែកផ្សែងឡើងព្រាត
ប្រៀបសួគ៌ាឋាន ។
២៧ ជ្រោះជ្រងធម្មជាតិ កន្លែងស្ងប់ស្ងាត់ អោយសុខសាន្តប្រាណ
ទីផុតទុក្ខព្រួយ គ្មានក្រគ្មានមាន ធម៌ល្អប្រៀបយាន្ត
ឋានសួគ៌គូលែន ។
២៨ ទេសចរខ្នងភ្នំ ធម្មជាតិជ្រោះធំ តាមស្ទឹងបត់បែន
ងូតទឹកច្រៀងរាំ ឋានសួគ៌េជាយដែន
សប្បាយមែនទែន
ចាំជាប់បេះដូង ។
២៩ ទេសចរធម្មជាតិ យើងខ្មែរក្រោយទៀត ចាំជាប់នឹងទ្រូង
ប្តេជ្ញាការពារ ជ្រោះជ្រងព្រៃរូង មិនអោយបាត់បង់
គង់វង់រៀងអើយ ។
៣០ ទេសចរធម្មេជាតិ ខ្មែរសន្តិភាព យូរលង់ណាស់ហើយ
កម្ពុជារុងរឿង មិននៅទ្រឹងឡើយ អភិវឌ្ឍន៍លឿនលយ
ដូចមហានគរ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment