Tuesday, October 28, 2014

តាំងចិត្តស្រលាញ់ជាតិយើង បទកាគតិ ០៩ ១១ ២០១៣


  ព្រះអាទិត្យអើត       ឆ្លងព្រៃខាងកើត       មើលមកកម្ពុជា
  ពន្លឺស្រទន់                ឆ្លងភ្នំព្រឹក្សា             ផ្តាំអស់ខេមរា
                                កុំបីភ្លេចជាតិ    ។
២  ព្រះអាទិត្យអើត       យើងខ្មែរយើងកើត     ជាខ្មែរម្តងទៀត
   យើងត្រូវតាំងខ្លួន       មាំមួននឹងមាឌ        កលបុត្រខេមមាតុ
                                 យុវជនគំរូ     ។
៣  យើងខ្មែរខេមរា        លត់ដំចរិយា          សិក្សាតស៊ូ
   រៀនយប់រៀនថ្ងៃ         លកលៃផ្លាស់ប្តូរ      យកប្រាជ្ញគុណគូរ
                                មើលជាតិជាធំ   ។
៤  យើងខ្មែរខេមរា        កើតមកកាលណា    ប្រាជ្ញាឧត្តម
   ស្រលាញ់ញាតិផៅ    សណ្តានផងភូមិ       យើងរស់សុខដុម
                                 មង្គលថ្លៃយស   ។
៥  យើងខ្មែរខេមរា        តាំងពីកុមារ             ស្គាល់គុណស្គាល់ទោស
    គោរពចាស់ទុំ          រៀនក្រមក្បួនខ្ពស់      ប្រឹងយកអោយអស់
                                ដោយទ្រព្យបញ្ញា   ។    
៦  យើងត្រូវអប់រំ          មើលជាតិជាធំ          ស្មើនឹងសង្ខារ
   រៀនអោយពូកែ         ឆ្លាតវៃគ្រប់គ្នា            ស្ម័ក្រខ្លួនការពារ
                                មាតុភូមិបៃតង   ។
៧  យើងកើតមកម្នាក់    ស្មាយើងកៀកស្រាក់   វេញជាចំណង
   ផ្តាំហើយផ្តាំទៀត        កុំមើលរំលង             កុំបីបោះបង់
                                  មាក់ងាយជាតិឯង   ។
៨  យើងកើតមកហើយ   កូនខ្មែរល្អអើយ          កុំបីបែកឆ្វេង
   កុំភ្លេចសារធាតុ          ញាតិផងកុំក្លែង          កុំលើកជាតិផ្សេង
                                  ខ្ពស់ហួសជាតិខ្លួន   ។
៩  យើងកើតមកល្អ        កលបុត្រមហានគរ     ក្លាំងក្លាហំហួន
  សសរទ្រូងជាតិ            ធម្មជាតិបងប្អូន         កុំបីរុគគួន
                                  រួបរួមអភិវឌ្ឍន៍    ។
១០ យើងកើតមានក្រ      ទោះបីខ្មៅស            ក្រុងស្រែជនបទ
    កុំបីរើសអើង             ខ្ពើមឆ្អើមមុខមាត់        យើងផ្សងរស់ផុត
                                  ជ្រោះកម្មមនុស្សា  ។

១១ យើងកើតជាខ្មែរ       សម្បត្តិទ្រព្យកេរ្តិ៍         យើងត្រូវរក្សា
   ប្រាង្គប្រាសាទថ្ម          វប្បធម៌ខេមរា            តាំងចិត្តប្តេជ្ញា
                                  ការពារអោយគង់     ។
១២ តាំងចិត្តជាឆ្មាំ         ទ្រូងក្រាស់ហើយមាំ     និស្ស័យជាហង្ស
   មើលជាតិសាសនា     ព្រះមហាក្សត្រហ្លួង      ប្រជាក្រៅក្នុង
                                  សសរទ្រូងខ្មែរ   ។
១៣ តាំងចិត្តជាមនុស្ស    ឈាមជ័រអ្នកស្មោះ     ប្រុសស្រីកូនម៉ែ
     សសរទ្រូងជាតិ          រឹងមាំលើសគេ          ច្បាំងមិនងាករេ
                                   ពេលជាតិត្រូវការ  ។
១៤ សមរភូមិប្រយុទ្ធ       គង់ថ្វីមិនស្លុត            ស្លាប់សូន្យសង្ខារ
    តែបើបាត់ជាតិ            បាត់បង់សាសនា       ជាតិត្រូវមរណា
                                   គ្មានថ្ងៃវិលឡើយ   ។
១៥ សមរភូមិដឹកនាំ         អោយជាតិរឹងមាំ        ទៅមុខរៀងអើយ
    សមរភូមិអភិវឌ្ឃន៍        កសាងទៅហើយ       ប្រជាបានស្បើយ
                                    ក្នុងសន្តិភាព   ៕
និពន្ធដោយវេជ្ជបណ្ឌិត  ញូង  ភក្តី  នៃមន្ទីរពេទ្យកុមារអង្គរ       

No comments:

Post a Comment