យើងស្លាប់មែនពិតតែចិត្តយើងរស់
ប្តេជ្ញាស្ម័ក្រស្មោះដាស់អស់កលបុត្រ
យើងស្រលាញ់ខ្មែរយើងក្រោកប្រយុទ្ធ
ខ្មែរអើយកុំស្លុតត្រូវក្លាហានឡើង ។
យើងស្លាប់មែនពិតគំនិតស្រែកហៅ
ញាតិផងក្នុងក្រៅដែលនៅត្រុវដឹង
អប់រំកូនខ្មែរអោយខ្លាំងហើយប្រឹង
ទោះជាព្រលឹងក៏កុំភ្លេចខ្មែរ ។
យើងស្លាប់មែនពិតអោយជាតិយើងរស់
យើងស្លាប់ទុកឈ្មោះកិត្តិយសជាកេរ្តិ៍
កុំស្លាប់អសោចខ្មែរដៀលខ្មែរជេរ
ជាតិយើងឋិតថេរព្រោះខ្មែររួមគ្នា ។
យើងស្លាប់មែនពិតសូមជាតិយើងរស់
ខ្មែរមានកិត្តិយសល្បីល្បាញលោកា
តាំងចិត្តអោយមាំកៀកស្មាការពារ
ទុកឈ្មោះនិងងារអ្នកស្នេហាជាតិ ។
យើងស្លាប់យើងកើតយើងការពារខ្មែរ
យើងការពារកេរ្តិ៍សម្បត្តិភូមិមាតុ
ដែនដីត្បូងពេជ្រព្រឹក្សព្រៃធម្មជាតិ
ផ្តាំហើយផ្តាំទៀតកុំធ្វេសនឹងមារ ៕
រក្សាសិទ្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment