១ ថ្ងៃជ្រេទេរទៅចិត្តនៅរលឹក ច្រើនយប់ល្ងាចព្រឹកនឹកគ្រាកន្លង
១០ឆ្នាំហួសហើយនៅឡើយគេងផ្សង មកជួបលេងម្តងដាមអនុស្សាវរីយ៍ ។
២ ថ្ងៃជ្រេហួសទៅចិត្តនៅស្រណោះ ដែនដីល្អស្រស់សម្ឋស្សប្រថពី
នឹកវ័យកុមារនឹកគ្រប់នាទី ស្រមៃមមៃនៅតែនឹងភ្នែក ។
៣ ផ្ទៃបឹងល្វឹងល្វើយកល់កើយខ្នងភ្នំ ទំនប់ខ្ពស់ធំបណ្តោយជើងមេឃ
ស្ពានថ្មភ្ជាប់បឹងឈរទ្រេឹងអល់ឯក ស្ពានស្រក់ទឹកភ្នែកស្តាយអាងធម្មជាតិ ។
៤ ផ្ទៃបឹងល្វឹងល្វើយដោយខ្សែរទឹកហូរ វាលស្រែគ្វាលគោគោសុីស្មៅព្រាត
ជួបជុំបងប្អូនក្នុងភូមិជាញាតិ ពេលមកម្តងទៀតធម្មជាតិប្រែអស់ ។
៥ នឹកគិតដល់មិត្តមិត្តក៍ឃ្លាតឆ្ងាយ នឹកម្លប់ឬស្សីសល់នៅតែឈ្មោះ
នឹកគ្រាបាចត្រីបៀបឹងរីងខ្សោះ កក់ស្មៅជំនួសផ្ទៃទឹកល្ហល្ហេវ ។
៦ នឹកបឹងធំធេងទឹកមិនដែលស្រក ឯនាយភ្នំថ្នក់ជំរកទូកចែវ
ទូកជិះលើកមងសន្ទូចបឹងខៀវ ឥឡូវចង់រាវចាប់ត្រីក៍គ្មាន ។
៧ បឹងធំទឹកច្រើនត្រីក៍មានច្រើន ឥឡូវស្មៅកើនបឹងរាក់បាតលាន
ឱបឹងកំសត់ព្រាត់ឆ្ងាយញាតិញាណ ធ្លាប់នេសាទបានចិញ្ចឹមគ្រួសារ ។
៨ បឹងស្រស់ត្រកាលក្រាលទឹកគ្របប្រាណ ធ្លាប់ងូតកំសាន្តមិត្តៗកុមារ
ហែលប្រដេញលេងបែកផ្សែងជលសារ បឹងអនុស្សាទឹកថ្លាដល់ដី ។
៩ អនុស្សារីយ៍បឹងធំនៃញាតិ បឹងស្រស់ធម្មជាតិរោយស្វិតអស់ន័យ
ធ្លាប់ជាដែនទឹកជំរកអស់ត្រី ឥឡូវបឹងក្ស័យក្លាយជាបឹងស្មៅ ។
១០ ម្ចាស់បឹងមមៃសែននឹកជលសារ សង្ឃឹមរដ្ឋាជួយស្តាអោយជ្រៅ
ប្រយោជន៍ដល់រាស្រ្ត១០ភូមិរស់នៅ ស្តាហើយយើងហៅបឹងអនុស្សាវរយ៍ ៕
និពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment