១ សៀមរាបបវរ ប្រាង្គប្រាសាទថ្ម អង្គរធម្មជាតិ
រម្មនីយដ្ឋានខ្មែរ ល្អច្រើនព្រោងព្រាត តាមខេត្តផ្សេងទៀត
ឃើញគាប់នេត្រា ។
២ ឆ្ងាយពីសៀមរាប គយគន់ទំនាប ធម្មជាតិព្រឹក្សា
ដងទន្លេសាប សែនស្រស់រមនា ឆ្លងព្រំសីមា
ទស្សនាតាមខេត្ត ។
៣ អារម្មណ៍ប្តូរផ្លាស់ រថយន្តលឿនណាស់ ផ្លាស់ទីភ្លឹបភ្លេត
រលកផ្លូវថ្នល់ រលាក់ផ្អៀងទ្រេត ប្រាំងស្ងួតខែចេត្រ
ធម្មជាតិប្រែពណ៌ ។
៤ រថយន្តលឿនលយ គយគន់តាមក្រោយ តាមបង្អួចល្អ
វាលស្រែធំធេង បែកផ្សែងខ្មៅស ដើមឈើទ្រឹងឈរ
ញញឹមរាបសា ។
៥ ដើមត្នោតស្ងៀមឈឹង ដើមជ្រៃសំឡឹង អោយម្លប់មនុស្សមនា
ក្រញូងធ្នុងផ្ចឹក នាងនួនបេងផ្កា ជ្រាបក្លិនគន្ធា
សន្តំទេសចរ ។
៦ ស្រឡៅគគី ឈើទាលគីរី ប្រថពីស្ពានថ្ម
ក្របីគោក្តាន់ ជាន់សុីស្មៅល្អ ឆ្លងស្ទឹងដល់អូរ
ទឹកហូរមិនដាច់ ។
៧ រថយន្តលឿនលយ ធម្មជាតិថយក្រោយ តែហាក់មិនភ្លេច
ចង់ប្រាប់ដល់ខ្មែរ កុំបីវាងគេច ខ្មែរអើយកុំភ្លេច
បងប្អូនខេមរា ។
៨ ឆ្លងភូមិដល់ស្រុក ឆ្លងភ្នំសន្ទុក ស្ទឹងសែនសីមា
កាត់វាលដងព្រៃ ឆ្លងស្រែដល់ផ្សា គយគន់ផល្លា
ចំការឆ្លងឆ្នាំ ។
៩ ឆ្លងសៀមរាបខ្ញុំ ចូលកំពង់ធំ ឆ្លងព្រំដីដាំ
ចំការព្រោងព្រាត ពេញដោយដំណាំ ឃើញហើយចិត្តចាំ
នាំចិត្តអោយនៅ ។
១០ រថយន្តលឿនលយ ងាកមើលមកក្រោយ កំពង់ធំហៅ
សន្ទុកស្ទឹងសែន បត់បែនផ្លូវក្រៅ ដល់ស្គន់មើលទៅ
កំពង់ចាមសោះ ។
១១ ធម្មជាតិប្រែប្លែក បំព្រងគាប់ភ្នែក ខៀវគ្មានចន្លោះ
ឆ្លងស្រែទីទួល ស្រូវដួលច្រូតអស់ គយគន់សម្រស់
កំពង់ចាមម្តង ។
១២ ដែនដីឧត្តម ភ្នំតូចភ្នំធំ គេងគិតគួចផ្សង
គយគន់ទេសភាព សុំពរព្រះផង សុំសុខគ្មានហ្មង
ព្រះគ្រងរក្សា ។
១៣ ចំការល្មុតល្ហុង ខ្មែរដាំជាយក្រុង ផ្គត់ផ្គង់គ្រួសារ
អារម្មណ៍លង់លក់ ធម្មជាតិនានា ត្រជាក់នេត្រា
អស្ចារ្យម្លេះទេ ។
១៤ ដល់ក្រុងផ្ទះថ្ម មើលទៅសែនល្អ តាមមាត់ទន្លេ
សួនច្បារតូចធំ រមនាមន្តស្នេហ៍ ដងផ្លូវច្រើនខ្សែរ
ត្របាញ់ចូលគ្នា ។
១៥ ដីក្រុងសែនល្អ ផ្ការីកលោមពណ៌ សែនស្រស់សោភា
ផ្កាទន្លេបិទ បរិសុទ្ធគន្ធា ថ្ពាល់ខួចម៉ត់ថ្លា
ដោតឱរាខ្ញុំ ។
១៦ ផ្កាទន្លេបិទ ញញឹមមន្តស្និទ ជំរិតអារម្មណ៍
អង្គុយមាត់ទឹក ឃើញភ្លឹកព្រោះម៉ុម រំដួលក្រពុំ
មេគង្គមាសស្នេហ៍ ។
១៧ ដូចឋានតុសិត ផ្កាទន្លេបិទ រីកច្រើនម្លេះទេ
ចោលក្លិនក្រអូប ហាក់ស្បើយល្ហើយល្ហែរ រំដួលទន្លេ
ថែក្លិនស្ងួនភ្ញា ។
១៨ ក្នុងក្រុងសប្បាយ អារម្មណ៍ឆ្លងឆ្ងាយ ស្ពានគីសូណា
ងាកផ្តាំរំដួល ថែក្លិនជលសារ វិលវិញមើលផ្កា
មើលចិត្តភក្តី ។
១៩ ស្ពានគីសូណា គយគន់វេហា ឃើញស្ពានឬស្សី
ស្ពានកោះសូទិន ស្ពានភ្ជាប់និស័្សយ អោយចិត្តអាល័យ
សៀមរាបផ្កាបង ។
២០ ឆ្លងទន្លេបិទ ឆ្លងស្ពានប្រណិត ត្រើយម្ខាងនួនល្អង
រៀមឈរសំឡឹង ស្ពានចំកោងខ្នង នឹកដល់ពៅបង
រំដួលសៀមរាប ។
២១ ផ្កាទន្លេបិទ ទោះអ្នកល្អពិត ចាញ់ចិត្តសុភាព
ចាញ់ស្នាមញញឹម ផ្កាទន្លេសាប ក្លិនផ្កាបានជ្រាប
ប្រៀបចិត្តខ្ញុំហើយ ។
២២ ទេសភាពល្អពិត ត្រើយទន្លេបិទ ក្រោមខ្យល់រំភើយ
ទេសចរធម្មជាតិ នាំចិត្តអោយស្បើយ អោយទុក្ខកប់កើយ
រសាត់តាមទឹក ។
២៣ ទេសចរធម្មជាតិ ទ្រូងលែងចង្អៀត ហាក់ស្បើយរលឹក
ស្រណោះខ្លួនឯង វង្វេងព្រោះនឹក ក្បង់ទឹកមកផឹក
លប់លាងចិត្តលោភ ។
២៤ សៀមរាមល្អពិត ប្រៀបទន្លេបិទ វាលខ្សាច់ដីគោក
ស្នេហ៍កោះសូទិន សុបិន្តផុតសោក គយគន់រលក
បោកច្រាំងជលសៃ ។
២៥ សៀមរាបប្រាង្គថ្ម កំពង់ចាមល្អ ស្ពានថ្មស្កឹមស្កៃ
វិលវិញថ្ងៃស្អែក សូមផុតអស់ភ័យ ស្ពានភ្ជាប់និស័្សយ
ដែនដីស្នេហា ៕
រក្សាសិទ្ធ និងនិពន្ធដោយវេជ្ជបណ្ឌិត ញូង ភក្តី នៃមន្ទីរពេទ្យកុមារអង្គរ
No comments:
Post a Comment